លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានអញ្ជើញជាអធិបតីពិធីបិទមហាសន្និបាត បូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៥ និងលើកទិសដៅការងារសភាពាណិជ្ជកម្មកម្ពុជាឆ្នាំ២០២៦ នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

ជាកិច្ចចាប់ផ្តើម លោកជំទាវរដ្ឋមន្រ្តី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ថ្នាក់ដឹកនាំ និងសមាជិក-សមាជិកាទាំងអស់នៃសភាពាណិជ្ជកម្មកម្ពុជា ក្នុងការបំពេញភារកិច្ចយ៉ាងល្អប្រសើរ ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងកិច្ចសហការល្អ រហូតសម្រេចបាននូវសមិទ្ធផលការងារធំៗជាច្រើន។ លោកជំទាវរដ្ឋមន្រ្តី បានបន្តថា វិស័យឯកជនពិតជាបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញពាណិជ្ជកម្មកម្ពុជា និងរុញច្រានកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើនការវិនិយោគ ការធ្វើពិពិធកម្មទំនិញនាំចេញ-នាំចូល ការលើកកម្ពស់ភាពប្រកួតប្រជែង និងការបង្កើនការចូលរួមក្នុងខ្សែច្រវាក់តម្លៃនិងការផ្គត់ផ្គង់ក្នុងតំបន់និងសកល ស្របនឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើសមាហរណកម្មសេដ្ឋកិច្ចស៊ីជម្រៅទៅក្នុងតំបន់និងសកលលោក ជាពិសេសការបន្តចរចាបើកទីផ្សារ សក្តានុពលថ្មីៗទាំងទ្វេភាគីនិងពហុភាគី។
បន្ថែមពីលើនេះ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូនអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការបន្តធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច និងវិនិយោគ និងធ្វើពិពិធកម្មទីផ្សារនាំចេញ-នាំចូល ឈរលើអភិក្រម «ពង្រឹងទីផ្សារចាស់ និងពង្រីកទីផ្សារថ្មី» ដែលក្នុងនោះក្រសួងពាណិជ្ជកម្ម ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានដាក់ចេញនិងអនុវត្តនូវវិធានការកែទម្រង់មុតស្រួចនានា ដោយសម្រេចបាននូវលទ្ធផលធំៗជាច្រើនក្នុងឆ្នាំ២០២៥ កន្លងទៅ មានជាអាទិ៍ ការបញ្ចប់នីតិវិធីផ្តល់សច្ចាប័ននិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដំទ្បើងកម្រិត ការបន្តពិនិត្យដោះស្រាយក្តីកង្វល់ និងសំណូមពរនានារបស់វិស័យឯកជន តាមរយៈកិច្ចសន្ទនាភាពជាដៃគូរដ្ឋនិងវិស័យឯកជន ការបន្តធ្វើទំនើបកម្មនិងសាមញ្ញកម្មការផ្តល់សេវាសាធារណៈ និងការបន្តពិពិធកម្មនិងលើកកម្ពស់គុណភាពនិងកិត្យានុភាពផលិតផលក្នុងស្រុក តាមរយៈកិច្ចការពារកម្មសិទ្ធិបញ្ញា ជាដើម។
ថ្លែងក្នុងឱកាសនោះផងដែរ លោកជំទាវរដ្ឋមន្រ្តី បានជម្រាបជូន នូវទិសដៅការងារពាណិជ្ជកម្មឆ្នាំ២០២៦ និងដំណើរឆ្ពោះទៅអនាគតរបស់ក្រសួងពាណិជ្ជកម្ម តាមរយៈការដាក់ចេញនូវចក្ខុវិស័យជាយុទ្ធសាស្រ្តឆ្ពោះទៅឧត្តមភាពនៃវិស័យពាណិជ្ជកម្មកម្ពុជា ប្រកបដោយ “ថាមវន្ត ធន់ បរិយាបន្ន និងប្រកួតប្រជែង” ដោយផ្តោតសំខាន់លើការងារស្នូលដែលមានភាពប្រទាក់ក្រទ្បាគ្នាចំនួន ៣ គឺ៖ ការធ្វើបរិវត្តកម្មស្ថាប័ន និងប្រព័ន្ធ ការងារពាណិជ្ជកម្មក្នុងប្រទេស និង ការងារពាណិជ្ជកម្មអន្តរជាតិ។
ជាមួយគ្នានេះ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់សភាពាណិជ្ជកម្មកម្ពុជាបន្ថែមទៀត លោកជំទាវរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍មួយចំនួន ដើម្បីជាវិភាគទានបន្ថែមដល់ការកំណត់ទិសដៅការងារឆ្នាំ២០២៦ របស់សភាពាណិជ្ជកម្មកម្ពុជា ដូចតទៅ៖
ទី១- សភាពាណិជ្ជកម្មកម្ពុជា ត្រូវបន្តពង្រឹងការអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ដូចមានចែងក្នុងច្បាប់និងបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន និងបន្តពង្រឹងកិច្ចសហការទំនាក់ទំនងការងារជាមួយក្រសួង-ស្ថប័នពាក់ព័ន្ធ។
ទី២- សភាពាណិជ្ជកម្មកម្ពុជា ត្រូវពង្រឹងអភិបាលកិច្ច និងលើកម្ពស់ការអនុវត្តច្បាប់ និងបទដ្ឋានគតិយុត្តជាធរមានក្នុងវិស័យពាណិជ្ជកម្ម សំដៅធានាបាននូវសុចរិតភាពនិងអនុលោមភាពនៃការធ្វើធុរកិច្ច និងបរិយាកាសធុរកិច្ច ប្រកបដោយការប្រកួតប្រជែង តម្លាភាព ស្មើភាព និងយុត្តិធម៌ នៅលើទីផ្សារ។
ទី៣- លើកទឹកចិត្ត ដល់ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក បន្តអភិវឌ្ឍខ្លួន ពង្រឹងសមត្ថភាព និងផលិតភាព ដើម្បីអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីភាពអនុគ្រោះពាណិជ្ជកម្ម និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់ និងទ្វេភាគីនានា ដែលកម្ពុជាជាសមាជិក និងដើម្បីត្រៀមខ្លួនសម្រាប់ដំណើរចាកចេញដោយរលូនពីចំណាត់ក្រុមប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជានាឆ្នាំ២០២៩ ខាងមុខនេះ។
ទី៤- លើកទឹកចិត្ត ដល់ក្រុមហ៊ុនសហគ្រាសធំៗក្នុងស្រុក ដែលមានផលិតផល និងសេវាកម្មដូចគ្នា ពិនិត្យលទ្ធភាពប្រមូលផ្តុំចងក្រងជាសហព័ន្ធ ឬសមាគម ដើម្បីបង្កើនបរិមាណផលិត ក៏ដូចជា ជំរុញការផ្គត់ផ្គង់និងបំពេញបន្ថែមឱ្យគ្នា សំដៅធានាបានការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ប្រតិគមន៍។
ទី៥- លើកទឹកចិត្ត ដល់ការិយាល័យតំណាងសភាពាណិជ្ជកម្មនៅក្រៅប្រទេស ខិតខំទាក់ទាញដៃគូពាណិជ្ជកម្មក្រៅប្រទេស មកបណ្តាក់ទុនវិនិយោគនៅកម្ពុជាបន្ថែមទៀត ជាពិសេសក្នុងវិស័យផលិតនិងកែច្នៃកសិ-ឧស្សាហកម្ម និងផលិតផលប្រើប្រាស់ចាំបាច់ផ្សេងៗ សំដៅលើកកម្ពស់តម្លៃបន្ថែម និងអភិវឌ្ឍខ្សែច្រវាក់ផលិតកម្ម ដើម្បីបង្កើនការផ្គត់ផ្គង់ទីផ្សារ និងឈានទៅបង្កើនឧត្តមភាពប្រកួតប្រជែង។
ទី៦- អំពាវនាវនិងលើកទឹកចិត្ត ដល់វិនិយោគិន ឬសហគ្រាសធំៗក្នុងស្រុក តាមរយៈសភាពាណិជ្ជកម្មរាជធានី-ខេត្ត ឱ្យបន្តចូលរួមរក្សាស្ថិរភាពទីផ្សារក្នុងស្រុក និងចលនាទីផ្សារនៅតាមខេត្ត សម្រាប់អាជីវករ សហគ្រិន និងកសិករខ្នាតតូច នៅតាមមូលដ្ឋាន និងស្រូបទិញកសិផល ជាពិសេស សភាពាណិជ្ជកម្មរាជធានី-ខេត្ត ត្រូវចូលរួមអភិវឌ្ឍសក្តានុពលនិងឧត្តមភាពក្នុងមណ្ឌលរាជធានី-ខេត្តនីមួយៗ។ ទី៧- អំពាវនាវនិងលើកទឹកចិត្ត ដល់វិស័យឯកជន បន្តចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការជំរុញការប្រើប្រាស់ និងដាក់លក់ផលិតផលខ្មែរនៅទីផ្សារក្នុងស្រុក និងទីផ្សារអន្តរជាតិ តាមរយៈ ការបង្កលក្ខណៈអំណាយផលដល់ការដាក់តាំងនិងលក់ផលិតផលខ្មែរ ក៏ដូចជា ការចូលរួមនិងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មនានាទាំងក្នុងនិងក្រៅប្រទេស៕






