សហគមន៍កសិកម្មទំនើបចំនួន១៧ ទទួលបានទុនជិត៩លានដុល្លារ ពីគម្រោងពិពិធកម្មកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សហគមន៍កសិកម្មទំនើបចំនួន១៧ ទទួលបានការគាំទ្រពីគម្រោងពិពិធកម្មកសិកម្មកម្ពុជា(CASDP) សរុបជាទឹកប្រាក់ជិត៩លានដុល្លារ ក្នុងនោះ ២,៧លានដុល្លារជាជំនួយឥតសំណង និងប្រមាណ៦លានដុល្លារទៀត ជាកម្ចីដើមទុនការប្រាក់ទាប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បញ្ជាក់ថា មាន១១សហគមន៍នៃសហគមន៍ទាំង១៧នេះគឺជាសហគមន៍កសិកម្មទំនើប ក្នុងនោះខេត្តសៀមរាបមានរហូតដល់ទៅ៦សហគមន៍ ដែលជាចំនួនច្រើនជាងគេក្នុងចំណោមខេត្តទាំង៨ដែលទទួលបានអត្ថប្រយោជន៍ពីគម្រោងនៅក្នុងវគ្គនេះ។

សហគមន៍ទាំងនេះគឺជាក្រុមចុងក្រោយដែលទទួលបានការអនុម័តគាំទ្រការវិនិយោគ មុននឹងគម្រោងដែលដឹកនាំដោយក្រសួងកសិកម្ម និងគាំទ្រហិរញ្ញប្បទានដោយធនាគារពិភពលោកមួយនេះត្រូវបានបិទបញ្ចប់ជាផ្លូវការនៅក្នុងអំឡុងពេល៦ខែទៀត។ ដោយហេតុផលនេះហើយ ទើបក្រុមការងារសម្រេចរៀបចំពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាតែម្តងនៅក្រសួងកសិកម្ម ដើម្បីចំណេញពេលវេលា និងបង្កើនល្បឿនអនុវត្តផែនការវិនិយោគនៅតាមសហគមន៍នីមួយៗឱ្យបានទាន់ពេលនិងត្រឹមត្រូវទៅតាមនីតិវិធីតម្រូវ។ សូមចូលរួមអបអរសាទរបងប្អូនសហគមន៍របស់យើងផង។

ទាក់ទងនិងសហគមន៍កសិកម្មទំនើបនេះ បើយោងតាមកម្មវិធីគោលនយោបាយអាទិភាពទី៥ និងទី៦ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា បានបង្ហាញថា សហគមន៍កសិកម្មទំនើប គឺជាចក្ខុវិស័យនៃការអនុវត្តផលិតកម្មកសិកម្មរួមគ្នាក្នុងទ្រង់ទ្រាយធំ នៅក្នុងវិស័យកសិកម្មដែលជាផ្នែកមួយនៃកម្មវិធីគោលនយោបាយអាទិភាពទី៦ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដាក់ឱ្យអនុវត្តឆ្នាំ២០២៣។

គោលបំណង ប្រែក្លាយវិស័យកសិកម្ម កម្ពុជាពីលក្ខណៈគ្រួសារឱ្យទៅជាសហគ្រាសសេដ្ឋកិច្ចកសិកម្មដ៏រឹងមាំ មានសមាហរណកម្មខ្ពស់មានសេដ្ឋកិច្ចមាត្រដ្ឋាន និងមានសមត្ថភាពប្រកួតប្រជែងទាំងបរិមាណនិងគុណភាព។

លក្ខណៈពិសេសនៃសហគមន៍កសិកម្មទំនើប តម្រូវឱ្យកសិករជាសមាជិកត្រូវធ្វើផលិតកម្មកសិកម្មរួមគ្នា និងមានការគ្រប់គ្រងរួមប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងនៅលើទីផ្សារទាំងផ្នែកបរិមាណ គុណភាព ថ្លៃ និងនិរន្តរភាពនៃការផ្គត់ផ្គង់ ពោលគឺទិញរួម ផលិតរួម លក់រួម និងគ្រប់គ្រងរួមដោយសហគមន៍មុននឹងធ្វើការបែងចែកប្រាក់ចំណេញទៅតាមសមាមាត្រនៃភាគហ៊ុនរបស់សមាជិកម្នាក់ៗ៕