ក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា និងស្ថានទូតអង់គ្លេស ប្រចាំនៅកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរួមគ្នាក្នុងការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ (Third JTIF)។

សេចក្តីប្រកាសព័ត៌មានរួម នាថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ បានឱ្យដឹងថា តាមរយៈការរៀបចំវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងកម្ពុជា-ចក្រភពអង់គ្លេស លើកទី៣ ក្រោមប្រធានបទ «ទស្សនវិស័យកម្ពុជា-ចក្រភពអង់គ្លេស៖ ភាពជាដៃគូឆ្ពោះទៅមុខ ក្នុងបរិបទនៃការផ្លាស់ប្តូរសកល» ប្រទេសទាំងពីរបញ្ជាក់សារជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ច ការលើកកម្ពស់កំណើនប្រកបដោយចីរភាព និងការបង្កើតកាលានុវត្តភាពថ្មីៗសម្រាប់ធុរកិច្ច។
វេទិកានេះរៀបចំឡើងក្នុងខណៈពេលដ៏សំខាន់ក្នុងស្ថានភាពនៃការអភិវឌ្ឍ និងមហិច្ឆតារបស់ប្រទេសកម្ពុជា ខណៈពេលដែលប្រទេសកម្ពុជាកំពុងបោះជំហានឆ្ពោះទៅកាន់ការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅឆ្នាំ២០២៩ និងការប្រកាសរបស់កម្ពុជាក្នុងការដាក់ពាក្យចូលរួមកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) នាពេលថ្មីៗនេះ។
ប្រទេសកម្ពុជា និងចក្រភពអង់គ្លេសបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរួមគ្នារបស់ខ្លួន ចំពោះការធ្វើពាណិជ្ជកម្មដែលអាចព្យាករណ៍បាន និងផ្អែកលើច្បាប់ជាមូលដ្ឋានសម្រាប់កំណើន និងទំនុកចិត្តរបស់វិនិយោគិន។
វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នា គឺជាវេទិកាទ្វេភាគីចម្បងរវាងប្រទេសកម្ពុជា និងចក្រភពអង់គ្លេស សម្រាប់កិច្ចសន្ទនាគោលនយោបាយ កិច្ចសហប្រតិបត្តិការលើច្រកចូលទីផ្សារ និងការចូលរួមរបស់វិស័យសាធារណៈឯកជន។ វេទិកានេះប្រមូលផ្តុំមន្ត្រីជាន់ខ្ពស់ អ្នករៀបចំបទប្បញ្ញត្តិ វិនិយោគិន និងថ្នាក់ដឹកនាំអាជីវកម្ម ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី កាត់បន្ថយរបាំង និងពាណិជ្ជកម្ម និងវិនិយោគរយៈពេលវែងរវាងប្រទេសទាំងពីរ។
លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ៖ “វេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នាជាការលើកកម្ពស់ភាពជាដៃគូពាណិជ្ជកម្មនិងវិនិយោគរវាងកម្ពុជានិងចក្រភពអង់គ្លេស។ ដោយផ្តោតលើការអនុវត្តបានជាក់ស្តែង និងការចូលរួមដោយសកម្មនិងជាប្រចាំ វេទិកានេះបានប្រមូលផ្តុំអ្នករៀបចំគោលនយោបាយ តួអង្គ ពាក់ព័ន្ធ និងភាគីវិស័យឯកជន ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈម និងកាលានុវត្តភាព ដែលបង្កើតបានជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ឈានទៅសម្រេចបានសមិទ្ធផលសម្រាប់ការធ្វើពាណិជ្ជកម្ម និងវិនិយោគឱ្យកាន់តែមានភាពទូលំទូលាយ និងល្អប្រសើរជាងមុន។
លោក Dominic Williams MBE ឯកអគ្គរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា ក៏បានបញ្ជាក់ថា៖ ពាណិជ្ជកម្ម និងការវិនិយោគ គឺជាផ្នែកមួយដ៏សំខាន់នៃទំនាក់ទំនងរវាងចក្រភពអង់គ្លេស និងកម្ពុជា។ យើងទាំងពីរជាប្រទេសដែលមានសេដ្ឋកិច្ចបើកចំហរ និងផ្តោតលើការនាំចេញ ដែលជឿជាក់លើប្រព័ន្ធ ពាណិជ្ជកម្មដែលមានមូលដ្ឋានលើច្បាប់អន្តរជាតិ។ យើងទាំងពីរមានបំណងចង់ពង្រឹងភាពជាដៃគូ សេដ្ឋកិច្ចរបស់យើង និងផ្តល់នូវវិបុលភាព និងការងារកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ៕

