លោក ត្រាំ គំរាមដាក់ពន្ធរហូតដល់ទៅ ៥០% លើយន្តហោះរបស់ប្រទេសកាណាដា

អន្តរជាតិ

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសថាលោកនឹងធ្វើការសងសឹកទៅលើប្រទេសកាណាដា ចំពោះការបដិសេធរបស់ពួកគេសម្រាប់ការមិនផ្តល់វិញ្ញាបនបត្រដល់យន្តហោះរបស់ក្រុមហ៊ុនអាមេរិក Gulfstream Aerospace ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជុំវិញបញ្ហានេះ លោក ត្រាំ បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិក នឹងដកហូតវិញ្ញាបនបត្រសម្រាប់យន្តហោះរបស់កាណាដាទាំងអស់ផងដែរ រួមទាំងយន្តហោះរបស់ Bombardier ដែលជាក្រុមហ៊ុនផលិតយន្តហោះធំជាងគេររបស់កាណាដា។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក ក៏បានសរសេរសារមួយនៅលើបណ្តាញសង្គម Truth Social របស់ខ្លួនថា ៖”​ ប្រសិនបើស្ថានភាពនេះមិនត្រូវបានកែតម្រូវនោះទេ ខ្ញុំនឹងដាក់ពន្ធនាំចូល ៥០% លើយន្តហោះកាណាដាទាំងអស់ដែលលក់ឲ្យសហរដ្ឋអាមេរិក”។

យ៉ាងណាមិញ ចំពោះសេចក្តីថ្លែងការណ៍នេះ បានកើតឡើងជិតមួយសប្តាហ៍ បន្ទាប់ពីលោក ត្រាំ ក៏បានគំរាមដាក់ពន្ធ ១០០% លើទំនិញរបស់ប្រទេសជិតខាងខ្លួនមួយនេះផងដែរ ប្រសិនបើកាណាដាឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។ តែទោះជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអាមេរិកនៅពេលនោះ មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីពេលវេលាសម្រាប់រឿងនេះនោះឡើយ។

ជម្រាបជូនថា ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងកាណាដាបានកើនឡើងថ្មីៗនេះ ដោយកាលពីថ្ងៃទី២០ ខែមករា នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បានទាក់ទាញការចាប់អារម្មណ៍ពីអន្តរជាតិ នៅពេលដែលលោកបានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ថា ប្រព័ន្ធគ្រប់គ្រងសកលដែលដឹកនាំដោយសហរដ្ឋអាមេរិកកំពុងបែកបាក់ ហើយប្រទេសនានាត្រូវតែសម្របខ្លួនទៅនឹងការពិតថ្មី។ បន្ទាប់ពីនោះ ប្រធានាធិបតី ត្រាំ ក៏បានដកការអញ្ជើញនាយករដ្ឋមន្ត្រីលោក Carney ពីការចូលរួមក្រុមប្រឹក្សាសន្តិភាពវិញ៕