ក្រោយចិនរឹតបន្តឹង អាមេរិក ងាកទៅចុះកិច្ចព្រមព្រៀងរ៉ែកម្រជាមួយអូស្រ្តាលីជំនួសវិញ​

អន្តរជាតិ

ប្រធានាធិបអាមេរិក លោក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese កាលពីថ្ងៃទី២០ ខែតុលា បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើរ៉ែសំខាន់ៗ រួមទាំងរ៉ែកម្រផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារផ្លូវការមួយដែលបានចេញផ្សាយដោយរដ្ឋាភិបាលទាំងពីរ ប្រទេសនីមួយៗនឹងបោះទុនវិនិយោគចំនួន ១ពាន់លានដុល្លាររៀងខ្លួន ក្នុងរយៈពេល ៦ខែខាងមុខ សម្រាប់គម្រោងរ៉ុករករ៉ែ និងដំណើរការ ក៏ដូចជាកំណត់តម្លៃសម្រាប់សារធាតុរ៉ែសំខាន់ៗ។

គួរឲ្យដឹងផងដែរថា ការវិនិយោគនេះ នឹងជួយគាំទ្ររដល់ការកែច្នៃឡើងវិញនៃផលិតកម្មបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោន កំពុងព្យាយាមទប់ទល់នឹងការរឹតបន្តឹងចំពោះការនាំចេញរបស់ប្រទេសចិន និងធានាភាពធន់នៃខ្សែសង្វាក់ផ្គត់ផ្គង់លោកខាងលិច។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងអាមេរិក-អូស្ត្រាលី កំពុងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ នៅពេលដែលទីក្រុងវ៉ាស៊ីនតោន ស្វែងរកការពង្រីកការផ្គត់ផ្គង់រ៉ែសំខាន់ៗជាសកល ចំពេលមានការទប់ស្កាត់ការនាំចេញរបស់ទីក្រុងប៉េកាំង។ ភាពតានតឹងពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានកើនឡើងក្នុងពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីប្រទេសចិនបានប្រកាសពីការទប់ស្កាត់ជាលើកទីពីររបស់ខ្លួនលើការនាំចេញវត្ថុធាតុកម្រ និងសម្ភារៈពាក់ព័ន្ធនៅឆ្នាំនេះ៕​