ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០%

សង្គម​ និង​សេដ្ឋកិច្ច

ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានលើកឡើងថា ក្នុងឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០% ខណៈកម្ពុជា-ចិន ឆ្ពោះទៅកាន់យុគសម័យថ្មីនៃមិត្តភាពដែកថែប តាមរយៈការពង្រឹងទំនុកចិត្តវិនិយោគ និងការដាក់ចេញយន្តការដោះស្រាយបញ្ហាប្រឈមឱ្យកាន់តែមានប្រសិទ្ធភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តមថ្លែងបែបនេះ នៅក្នុងកម្មវិធីមហាសន្និបាតប្រចាំឆ្នាំ២០២៥ និងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៣០ នៃសភាពាណិជ្ជកម្មចិននៅកម្ពុជា កាលទី៣១ ខែមករា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ ក្រឡេកមកមើលលើទិដ្ឋភាពនៃការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងពីតួនាទីដ៏សំខាន់នៃគំនិតផ្ដួចផ្ដើម “ខ្សែក្រវាត់ និងផ្លូវ” (BRI) ដែលជាកម្លាំងចលករផ្លាស់ប្តូរកម្ពុជាពី “ប្រទេសដែលមានសក្តានុពល” ទៅជា “ប្រទេសដែលមានការរីកចម្រើនពិតប្រាកដ”។ ឯកឧត្តមបានបញ្ជាក់ថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ កម្ពុជាសម្រេចបាននូវសមិទ្ធផលធំៗជាច្រើន រួមមានផ្លូវថ្នល់ជាង ៣,០០០ គីឡូម៉ែត្រ ស្ពានយុទ្ធសាស្ត្រ អាកាសយានដ្ឋានទំនើប និងផ្លូវល្បឿនលឿន ដែលបានកាត់បន្ថយថ្លៃដើមឡូជីស្ទីក និងបង្កើនភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងតំបន់។

លើសពីនេះ ឯកឧត្តមថា ក្នុងឆ្នាំ ២០២៥ ការវិនិយោគផ្ទាល់ពីចិនមានចំនួនរហូតដល់ជាង ៥០% នៃ FDI សរុប ដែលជាសក្ខីភាពបង្ហាញពីទំនុកចិត្តខ្ពស់របស់អ្នកវិនិយោគចិនមកលើស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងការលើកឡើងនេះ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី មុននឹងឈានដល់ខ្លឹមសារសុន្ទរកថាគន្លឹះដ៏មានសារៈសំខាន់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ដែលបានសង្កត់ធ្ងន់លើការបន្តរុញច្រានមិត្តភាពដែកថែបឱ្យកាន់តែរឹងមាំ និងការកសាងសហគមន៍វាសនារួមតាមរយៈការវិនិយោគប្រកបដោយគុណភាព និងចីរភាព។

តាមរយៈកម្មវិធីខាងលើ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ដែរថា ក្នុងនាមជាដៃគូដែល “ដឹងកម្លាំងគ្នាក្នុងផ្លូវឆ្ងាយ” កម្ពុជានៅតែបន្តស្វាគមន៍សហគ្រាសចិនគ្រប់លំដាប់ថ្នាក់ ឱ្យមកបណ្តាក់ទុន និងរីកចម្រើនជាមួយគ្នា ដើម្បីកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ដែលមានភាពរុងរឿង និងផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកក្នុងយុគសម័យថ្មីនេះ៕ អត្ថបទ៖ហ្សាលីន