ពិធីជប់លៀងអាហារពេលល្ងាចតម្លៃទ្រីលានដុល្លារ ប្រមូលផ្តុំដោយមហាសេដ្ឋីបន្ទះឈីបកំពូលៗ តៃវ៉ាន់ជាច្រើន

អន្តរជាតិ

ថ្មីៗនេះ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Nvidia លោក Jensen Huang បានរៀបចំកម្មវិធីទទួលទានអាហារពេលល្ងាចដ៏ធំមួយ ដែលចូលរួមដោយភ្ញៀវកិត្តិយលសុទ្ធសឹងតែជាមួយមហាសេដ្ឋីបន្ទះឈីប Semiconductor របស់តៃវ៉ាន់ជាច្រើន ដូចជាប្រធានក្រុមហ៊ុន TSMC, Foxconn និង Quanta Computer ជាដើម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Taiwan News បានរាយការណ៍ឲ្យដឹងថា ពិធីជប់លៀងអាហារពេលល្ងាចនេះ ត្រូវបានរៀបចំធ្វើឡើងនៅថ្ងៃទី៣១ ខែមករា ដោយសារដែលត្រូវបានគេឲ្យឈ្មោះថា “អាហារពេលល្ងាចតម្លៃទ្រីលានដុល្លារ” ដោយផ្នែកទៅលើតម្លៃមូលធនទីផ្សាររបស់ក្រុមហ៊ុនបន្ទះឈីបដែលចូលរួម។

ទន្ទឹមនឹងនេះ យោងតាម ​​SemiVision ដែលជាក្រុមហ៊ុនវិភាគឧស្សាហកម្មបន្ទះឈីប Semiconductor បានបង្ហាញឲ្យដឹងទៀតថា អាហារពេលល្ងាចមួយនេះត្រូវបានធ្វើឡើងនៅភោជនីយដ្ឋានតៃវ៉ាន់ Brick Kiln Old-Style ដែលបង្កើតឡើងតាំងតែពីទសវត្សឆ្នាំ១៩៥០ មកម្លេះ។ ភោជនីយដ្ឋាននេះដែរ​ គឺជាកន្លែងដែលលោក Jensen Huang ចូលចិត្តបំផុត មុនពេលលោកធ្វើអន្តោប្រវេសន៍ទៅរស់សហរដ្ឋអាមេរិក តាំងពីកុមារភាព។

យ៉ាងណាមិញ បើទោះបីជាម៉ឺនុយម្ហូបអាហារនៅទីនេះមានតម្លៃសមរម្យក៏ដោយ ប៉ុន្តែត្រូវបានចូលរួមដោយភ្ញៀវពិសេសៗ។ ថ្នាក់ដឹកនាំអាជីវកម្មដែលត្រូវបានអញ្ជើញឱ្យទទួលទានអាហារជាមួយលោក Jensen រួមមានលោក CC Wei ប្រធានក្រុមហ៊ុន TSMC Group, លោក Young Liu ប្រធានក្រុមហ៊ុន Foxconn Technology, លោក Barry Lam ប្រធានក្រុមហ៊ុន Quanta Computer រួមជាមួយនាយកប្រតិបត្តិជាន់ខ្ពស់មកពីក្រុមហ៊ុន Acer, Asustek, MediaTek, Wistron, Inventec និងក្រុមហ៊ុនធំៗផ្សេងទៀត។

ជម្រាបជូនថា បើតាមវេទិកាបច្ចេកវិទ្យា Wccftech បានកត់សម្គាល់ថា ភ្ញៀវទាំងនោះគឺជាអ្នកដឹកនាំក្នុងការផលិតគ្រឿងបន្លាស់សំខាន់បំផុតនៅក្នុងការប្រណាំងប្រជែងសម្រាប់ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI)។ ហើយពួកគេទាំងអស់គឺជាផ្នែកមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Nvidia ផងដែរ៕​