អតីតស្ត្រីទីមួយរបស់កូរ៉េខាងត្បូង ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ខែ

អន្តរជាតិ

អតីតស្ត្រីទីមួយរបស់ប្រទេសកូរ៉េខាងត្បូង លោកស្រី Kim Keon-hee ត្រូវបានចាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ២០ខែ ពីបទទទួលយកសំណូកជាទំនិញដ៏ប្រណីត ប៉ុន្តែត្រូវបានលើកលែងពីបទចោទប្រកាន់ចំនួនផ្សេងទៀត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Yonhap។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចៅក្រមលោក Woo In-sung នៃតុលាការកណ្តាលទីក្រុងសេអ៊ូល បានសម្រេចកាត់ទោសឲ្យលោកស្រី Kom Keon-hee ជាប់ពន្ធនាគារ ២០ខែពីបទពុករលួយ។ ការចោទប្រកាន់នេះត្រូវបានកើតឡើងបន្ទាប់ពីលោកស្រី Kim បានទទួលយកសំណូកពីព្រះវិហារកាតូលិមួយ ក្នុងទម្រង់ជាអំណោយប្រណីតៗ រួមទាំងកាបូបម៉ាក Chanel និងខ្សែក Graff ជាដើម។

តែទោះជាយ៉ាងណាក៏ដោយ លោកស្រី Kim ត្រូវបានលើកលែងពីការចោទប្រកាន់ពីបទរៀបចំភាគហ៊ុន និងរំលោភច្បាប់ហិរញ្ញវត្ថុក្នុងយុទ្ធនាការឃោសនាបោះឆ្នោត។ កន្លងមករដ្ឋអាជ្ញាកូរ៉េខាងត្បូង ធ្លាប់បានស្នើសុំឲ្យមានការកាត់ទោសឲ្យជាប់ពន្ធនាគារ ១៥ឆ្នាំ សម្រាប់ទោសទាំងនេះ។

ជម្រាបជូនផងដែរថា អតីតប្រធានាធិបតី លោក Yoon Suk-yeol ដែលជាស្វាមីរបស់លោកស្រី Kim កន្លងមកធ្លាប់ត្រូវបានរដ្ឋអាជ្ញាស្នើឲ្យមានការកាត់ទោសប្រហារជីវិតសម្រាប់ការដាក់ចេញច្បាប់អាជ្ញាសឹករបស់លោកនៅក្នុងខែធ្នូ ឆ្នាំ២០២៤។ តុលាការត្រូវបានគេរំពឹងថានឹងចេញសាលក្រមចុងក្រោយរបស់ខ្លួន នៅពាក់កណ្តាលខែកុម្ភៈខាងមុខនេះ៕​