អន្តរក្រសួង ជំរុញការអនុវត្តគោលនយោបាយជាតិស្ដីពីស្វាយចន្ទីកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព

សង្គម​ និង​សេដ្ឋកិច្ច

ក្រសួងពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីជំរុញដល់ការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។ កិច្ចប្រជុំនេះ បានធ្វើឡើកាលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៦ ដឹកនាំដោយលោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មការអន្តរក្រសួង ព្រមទាំងមានការចូលរួមពីគណៈកម្មការអន្តរក្រសួង តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា និងតំណាងអភិបាលនៃគណអភិបាលខេត្តផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី ចម និម្មល បានបន្តថា កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ និងសម្រេចលើសេចក្តីព្រាងរបាយការណ៍វាយតម្លៃពាក់អាណត្តិនៃការអនុវត្តគោលនយោបាយជាតិស្តីពីស្វាយចន្ទី ឆ្នាំ២០២២-២០២៧ ព្រមទាំងពិភាក្សាស្វែងរកយន្តការជំរុញការអនុវត្តគោលនយោបាយជាតិនេះឱ្យកាន់តែមានប្រសិទ្ធភាព។

ជាលទ្ធផល លោកស្រីរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃតាមដាន និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិនេះ និងកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរពីអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នៅក្នុងវិស័យស្វាយចន្ទី និងបានកត់សម្គាល់ពីសមិទ្ធផលល្អប្រសើរនៃការអនុវត្តគោលនយោបាយជាតិក្នុងរយៈពេល ២ឆ្នាំកន្លះកន្លងមកនេះ។
 
លើសពីនេះ កិច្ចប្រជុំគណៈកម្មការនេះ ក៏បានពិនិត្យ និងពិភាក្សាលើបញ្ហាប្រឈមលើវិស័យនេះ និងបានពិនិត្យស្វែងរកដំណោះស្រាយសមស្រប ដើម្បីបង្កើនប្រសិទ្ធិភាពនៃការអនុវត្តគោលនយោបាយជាតិនេះ និងជំរុញអភិវឌ្ឍន៍វិស័យស្វាយចន្ទីកម្ពុជាថែមទៀតផងដែរ។

សូមជម្រាបដែរថា ពេញមួយឆ្នាំ២០២៥ ពោលគិតចាប់ពីខែមករា រហូតដល់ខែធ្នូ ឆ្នាំ២០២៥  កម្ពុជា នាំចេញគ្រាប់ស្វាយចន្ទីឆៅបានជាង១ លានតោន កើនឡើង ២៧ % បើធៀបនឹងឆ្នាំ២០២៤ កន្លងទៅ។ នេះបើយោងតាមការបញ្ជាក់ ពីសមាគមគ្រាប់ស្វាយចន្ទីកម្ពុជា កាលពីពេលថ្មីនេះ។
 
ប្រភពដដែលបន្តថា កម្ពុជា បានទទួលចំណូល១,៥ពាន់លានដុល្លារពីការនាំចេញគ្រាប់ស្វាយចន្ទីឆៅនៅឆ្នាំ២០២៥ ខណៈទំហំទឹកប្រាក់ដែលកម្ពុជាអាចនាំចេញគ្រាប់ស្វាយចន្ទីនេះ គឺមានការកើនឡើងប្រមាណជា ៣០ ភាគរយ បើធៀបនឹងឆ្នាំមុន៕ អត្ថបទ៖ ហ្សាលីន