អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៦ បានបង្ហើបឱ្យដឹងថា លោកបាននាំយកកុមារា និងកុមារី សរុបចំនួន ៤៩នាក់ ស្ថិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ ដែលផ្ទះសម្បែងរបស់ពួកគេរងផលប៉ះពាល់ពីការឈ្លានពានរបស់យោធាថៃ ដើម្បីយកមកចិញ្ចឹមបីបាច់ថែរក្សា នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ខេត្តកំពង់ស្ពឺ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃចន្ទ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានលើកឡើងបែបនេះថា៖ “កុមារី កាកា គ្នានៅក្មេងវ័យមិនដឹងអីទេសែលហ្វីជាមួយខ្ញុំគិតតែសើច។ ជាកូនម្ចាស់ផ្ទះ និងដីដូចឃើញនៅក្នុងរូបភាពនេះ ដែលមានទីតាំងស្ថិតនៅភូមិព្រៃចាន់ ខេត្តបន្ទាយមានជ័យ។ ខ្ញុំបានយកកុមារីរូបនេះ រួមជាមួយកុមារា កុមារីចំនួន ៤៩នាក់ផ្សេងទៀត មកចិញ្ចឹមបីបាច់ថែរក្សានៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ចាប់តាំងពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥ រហូតមកដល់ថ្ងៃនេះ”។
អ្នកឧកញ៉ា បានបន្ថែមថា ពួកគាត់មិនដឹងថាពេលណាបានវិលត្រឡប់ទៅកាន់ភូមិកំណើតវិញនោះទេ បើផ្ទះសម្បែង ដីធ្លីត្រូវឆាបឆេះខ្ទេចខ្ទីអស់ដោយសារតែការទម្លាក់គ្រាប់បែក និងត្រូវគ្រាប់ផ្លោងជាច្រើនប្រភេទរបស់ទាហានសៀមឈ្លានពានមកលើលំនៅឋានរបស់ពួកគេ។
សូមជម្រាបថា នៅក្នុងភូមិព្រៃចាន់ និងជោគជ័យ តាមបណ្តោយព្រំដែនភាគពាយ័ព្យនៃប្រទេសកម្ពុជា បន្ទាប់ពីការប្រយុទ្ធគ្នារវាងយោធាថៃ និងកម្ពុជា ចាប់ពីថ្ងៃទី ៧ ដល់ថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២៥ បានធ្វើឱ្យផ្ទះសម្បែងពលរដ្ឋស៊ីវិលរងការខូចខាត ស្រែចំការ និងសត្វចិញ្ចឹមត្រូវបានបោះបង់ចោល។ ផលប៉ះពាល់កាន់តែធ្ងន់ធ្ងរបានកើតឡើងពេលផ្នែកខ្លះនៃភូមិឋានរបស់ពួកគេ ត្រូវបានទាហានថៃចូលទន្ទ្រាន និងកាន់កាប់ ដែលធ្វើឱ្យជនស៊ីវិលរងការភ័យខ្លាច និងមានការភៀសសឹក រហូតដល់បច្ចុប្បន្ន៕









