អ្នកឧកញ៉ា គិត ម៉េង៖ កម្លាំងរបស់សភាពាណិជ្ជកម្មកម្ពុជា មិនស្ថិតនៅលើតែស្ថាប័នមួយទេ តែស្ថិតនៅលើការ​សហការរួមគ្នា

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារ​ផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន យល់ឃើញថា កម្លាំងរបស់សភាពាណិជ្ជកម្មកម្ពុជា មិនមែនស្ថិតនៅលើតែស្ថាប័នមួយទេ ប៉ុន្តែស្ថិតនៅលើការសហការរួមគ្នាទាំងក្នុង និងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អ្នកឧកញ៉ា គិត ម៉េង  បានដឹកនាំមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅ​ការងារ​ឆ្នាំ២០២៦។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃទី០២ ខែកុម្ភៈ អ្នកឧកញ៉ា បានលើកឡើងថា កិច្ចប្រជុំប្រចាំឆ្នាំនេះមានអត្ថន័យជានិច្ចសម្រាប់លោក ដ្បិតកិច្ចប្រជុំនេះប្រមូលផ្តុំ​មហាគ្រួសារសភាពាណិជ្ជកម្ម​កម្ពុជាទាំងមូល ដើម្បីឆ្លុះបញ្ចាំងពីការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងកំណត់ទិសដៅរួម និងច្បាស់​លាស់​ សម្រាប់ឆ្នាំ២០២៦។

កិច្ចប្រជុំនេះមានការចូលរួមពី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសភាពាណិជ្ជកម្មខេត្ត  ប្រធាន​ការិយាល័យ​តំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិកា​រាជរដ្ឋាភិបាល-ផ្នែកឯកជន និងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ទូទាំងប្រទេស។

«ការកត់សម្គាល់ឃើញការចូលរួមយ៉ាងផុលផុសបែបនេះ បានបញ្ជាក់ជាថ្មីនូវជំនឿចិត្តរបស់ខ្ញុំថា កម្លាំងរបស់​សភាពាណិជ្ជកម្មកម្ពុជា មិនមែនស្ថិតនៅលើតែស្ថាប័នមួយទេ ប៉ុន្តែស្ថិតនៅលើការសហការរួមគ្នា និងការប្តេជ្ញា​ចិត្តរួមគ្នារបស់សហគមន៍ធុរកិច្ចយើងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស»។ អ្នកឧកញ៉ា បានបញ្ជាក់។

អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់បន្ថែមថា គោលបំណងស្នូលនៃមហាសន្និបាតនេះគឺស្តាប់។ លោកចង់ស្តាប់​ដោយផ្ទាល់ពី​សភាពាណិជ្ជកម្មខេត្ត តំណាងនៅក្រៅប្រទេស និងក្រុមការងារវិស័យឯកជន នូវអ្វីដែល​បានដំណើរ​ការ អ្វីជាបញ្ហាប្រឈម និងចំណុចដែលយើងត្រូវធ្វើឱ្យប្រសើរទ្បើង។ របាយការណ៍ និងការផ្តល់យោបល់ទាំងនេះ​មានភាពចាំបាច់ មិនត្រឹមតែដើម្បីពិនិត្យ និងសង្ខេបនូវអ្វីដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៥ប៉ុណ្ណោះទេ ប៉ុន្តែក៏​ដើម្បីធ្វើឱ្យផែនការសភាពាណិជ្ជកម្មកម្ពុជា មានលក្ខណៈប្រាកដនិយមសម្រាប់ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងយ៉ាង​ពិត​ប្រាកដ​ពីតម្រូវការរបស់ធុរជនកម្ពុជា៕