អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន យល់ឃើញថា កម្លាំងរបស់សភាពាណិជ្ជកម្មកម្ពុជា មិនមែនស្ថិតនៅលើតែស្ថាប័នមួយទេ ប៉ុន្តែស្ថិតនៅលើការសហការរួមគ្នាទាំងក្នុង និងក្រៅប្រទេស។

កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អ្នកឧកញ៉ា គិត ម៉េង បានដឹកនាំមហាសន្និបាតបូកសរុបលទ្ធផលការងារសភាពាណិជ្ជកម្មកម្ពុជា ឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦។ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក កាលថ្ងៃទី០២ ខែកុម្ភៈ អ្នកឧកញ៉ា បានលើកឡើងថា កិច្ចប្រជុំប្រចាំឆ្នាំនេះមានអត្ថន័យជានិច្ចសម្រាប់លោក ដ្បិតកិច្ចប្រជុំនេះប្រមូលផ្តុំមហាគ្រួសារសភាពាណិជ្ជកម្មកម្ពុជាទាំងមូល ដើម្បីឆ្លុះបញ្ចាំងពីការងារដែលសម្រេចបានក្នុងឆ្នាំ២០២៥ និងកំណត់ទិសដៅរួម និងច្បាស់លាស់ សម្រាប់ឆ្នាំ២០២៦។
កិច្ចប្រជុំនេះមានការចូលរួមពី អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រធានសភាពាណិជ្ជកម្មខេត្ត ប្រធានការិយាល័យតំណាងសភាពាណិជ្ជកម្មកម្ពុជានៅក្រៅប្រទេស សហប្រធានក្រុមការងារផ្នែកឯកជន នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងសមាជិក សមាជិកាសភាពាណិជ្ជកម្មកម្ពុជា ទូទាំងប្រទេស។
«ការកត់សម្គាល់ឃើញការចូលរួមយ៉ាងផុលផុសបែបនេះ បានបញ្ជាក់ជាថ្មីនូវជំនឿចិត្តរបស់ខ្ញុំថា កម្លាំងរបស់សភាពាណិជ្ជកម្មកម្ពុជា មិនមែនស្ថិតនៅលើតែស្ថាប័នមួយទេ ប៉ុន្តែស្ថិតនៅលើការសហការរួមគ្នា និងការប្តេជ្ញាចិត្តរួមគ្នារបស់សហគមន៍ធុរកិច្ចយើងទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេស»។ អ្នកឧកញ៉ា បានបញ្ជាក់។
អ្នកឧកញ៉ាប្រធាន បានគូសបញ្ជាក់បន្ថែមថា គោលបំណងស្នូលនៃមហាសន្និបាតនេះគឺស្តាប់។ លោកចង់ស្តាប់ដោយផ្ទាល់ពីសភាពាណិជ្ជកម្មខេត្ត តំណាងនៅក្រៅប្រទេស និងក្រុមការងារវិស័យឯកជន នូវអ្វីដែលបានដំណើរការ អ្វីជាបញ្ហាប្រឈម និងចំណុចដែលយើងត្រូវធ្វើឱ្យប្រសើរទ្បើង។ របាយការណ៍ និងការផ្តល់យោបល់ទាំងនេះមានភាពចាំបាច់ មិនត្រឹមតែដើម្បីពិនិត្យ និងសង្ខេបនូវអ្វីដែលជាសមិទ្ធផលក្នុងឆ្នាំ២០២៥ប៉ុណ្ណោះទេ ប៉ុន្តែក៏ដើម្បីធ្វើឱ្យផែនការសភាពាណិជ្ជកម្មកម្ពុជា មានលក្ខណៈប្រាកដនិយមសម្រាប់ឆ្នាំ២០២៦ ដែលឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដពីតម្រូវការរបស់ធុរជនកម្ពុជា៕






