ខេត្តកែប នឹងមានរោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រី តម្លៃជិត ៧លានដុល្លារឆាប់ៗនេះ

សង្គម​ និង​សេដ្ឋកិច្ច

រោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រី តម្លៃជិត៧លានដុល្លារ នឹងមានវត្តមាននៅក្នុងភូមិសាស្រ្តខេត្តកែប ឆាប់ៗនេះ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល បានសម្រេចអនុម័តលើគម្រោងនេះរួចរាល់ហើយ។នេះបើយោងតាមសេចក្តីប្រកាសរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ក្នុងសេចក្តីប្រកាសថា សូមចូលរួមអបអរសាទរដល់ប្រជាពលរដ្ឋស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលទទួលបានគម្រោងវិនិយោគបង្កើតរោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រី ក្នុងទំហំទុនវិនិយោគ ៦,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៧១កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បញ្ជាក់ថា គម្រោងវិនិយោគបង្កើត រោងចក្រផលិតត្រីខកំប៉ុង និងទឹកត្រីនេះ គឺបោះទីតាំងស្ថិតនៅភូមិអន្ទង់ស ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប ហើយវិនិយោគដោយក្រុមហ៊ុនសៃសាន់ អ៊ុនវេសម៉ិន ឯ.ក (SAISONS INVESTMENT CO., LTD)។

សូមជម្រាបដែរថា ពាក់ព័ន្ធនឹងគម្រោងវិនិយោគនេះដែរ កម្ពុជា បានបំបែកកំណត់ត្រាវិនិយោគខ្ពស់បំផុតមិនធ្លាប់មាន ២ឆ្នាំជាប់គ្នា ដែលក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន ៦៣០ គម្រោង ក្នុងទុនវិនិយោគ ១០ពាន់លានដុល្លារ ដែលអាចបង្កើតការងារបានរហូតជាង ៤៣ម៉ឺនកន្លែង៕ អត្ថបទ៖ ហ្សាលីន