កម្ពុជា ដាក់ចេញយុទ្ធសាស្រ្ត ៨ ចំនុច ដើម្បីលើកកំពស់វិជ្ជា​ជីវៈវិស្វករ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា បានលើកឡើងថា ការអប់រំវិស្វកម្ម គឺជាកូនសោបើកទ្វារឆ្ពោះទៅរកការអភិវឌ្ឍសង្គមជាតិ ប្រកបដោយជោគជ័យ។ ទន្ទឹមគ្នានេះ ក្រសួងក៏ដាក់ចេញយុទ្ធសាស្រ្ត៨ចំនុច ដើម្បីលើកកំពស់វិជ្ជាជីវៈវិស្វករ ខណៈវិស្វកម្មកម្ពុជា បានកើនឡើងដល់ជាង ៦ពាន់នាក់ហើយ បើគិតមកដល់ពេលនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២២-២០២៧ របស់គណៈវិស្វករកម្ពុជា កាលថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។ លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សា​គណៈវិស្វករកម្ពុជា បានឲ្យដឹងថា គណវិស្វករកម្ពុជាពិតជាបានចូលរួមចំណែកក្នុងការខិតខំសម្រេចបានតាមបេសកកម្មជាច្រើន ដែលការអភិវឌ្ឍធនធានវិស្វកម្ម គឺជាកម្លាំងចលករមួយជួយឱ្យមានការរីកចម្រើនគ្រប់វិស័យ។

លោកក៏ចាត់ទុកថា ការពង្រឹងគុណភាពអប់រំវិស្វកម្ម គឺជាបង្គោលអាទិភាពមួយ ក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្នុងនាមរាជរដ្ឋាភិបាល ត្រូវតែបង្កើនយន្តការដឹកនាំ ដើម្បីធ្វើឱ្យស្ថាប័នវិស្វកម្មមួយនេះ ក្លាយជាមជ្ឈមណ្ឌលមួយដ៏រឹងមាំ ដែលអាចចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការរៀបចំផែនការអភិវឌ្ឍសង្គមជាតិប្រកបដោយចីរភាព។

ទន្ទឹមគ្នានេះ ដើម្បីសម្រេចបាននូវចក្ខុវិស័យ និងបេសកកម្ម ក្នុងការលើកកំពស់វិជ្ជាជីវៈវិស្វកម្ម ឱ្យកាន់តែប្រសើរឡើងទាំងបរិមាណ និងគុណភាព ស្របតាមការវិវត្តន៍បច្ចេកវិទ្យានាពេលបច្ចុប្បន្ន និងអនាគត រដ្ឋាភិបាលក៏បានចេញនៅយុទ្ធសាស្រ្តចំនួន៨ធំៗចំនុចរួមមាន៖

១-ពង្រឹងការចុះបញ្ជីវិស្វករ ដើម្បីទទួលស្គាល់គុណវុឌ្ឍិ ទទួលគោរមងារជាវិស្វករអាជីពជាតិ យុវវិស្វករអាស៊ាន វិស្វករអាស៊ាន និងវិស្វករអាជីពឆ្នើមអាស៊ាន។
២-រៀបចំប្រព័ន្ធគ្រប់គ្រងចុះបញ្ជីវិស្វករ តាមប្រព័ន្ធនិម្មិត (online) ដើម្បីងាយស្រួលគ្រប់គ្រងទិន្នន័យជំនាញ ក្នុងការរៀបចំផែនការបណ្តុះបណ្តាលវិជ្ជាជីវៈបន្ត។
៣-ជម្រុញការរៀបចំ ចងក្រងឯកសារគតិយុត្តនានាដែលទាក់ទងនឹងវិស័យវិស្វកម្ម
៤-បញ្ជ្រាប និងធ្វើការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយអំពីឯកសារគតិយុត្ត និងសារប្រយោជន៍ស្តីពីការចុះបញ្ជីវិស្វករ។
៥-រៀបចំអនុក្រឹត្យស្តីពីក្រមសីលធម៌វិស្វករ ក្នុងគោលបំណងលើកកម្ពស់ ដើម្បីធានាបាននូវសុវត្ថិភាព គុណភាព និងប្រសិទ្ធភាពការងារ ព្រមទាំងការការពារនូវផលប្រយោជន៍សាធារណៈ។
៦-រៀបចំកែសម្រួល និងធ្វើបច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយឱ្យកាន់តែប្រសើរឡើងនិងទាន់ពេលវេលា និងទូលំទូលាយ។
៧-ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការជាតិ អន្តរជាតិ ឱ្យបានកាន់តែល្អប្រសើរ ។
៨-តៀមលក្ខណៈសម្បត្តិឱ្យបានល្អក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំសន្និសីទ នៃអង្គការសហព័ន្ធវិស្វកម្មអាស៊ានលើកទី៤០ ដែលនឹងប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២១ កន្លងទៅនេះ គណវិស្វករកម្ពុជាទទួលបានការចុះបញ្ជីវិស្វករ ៧៤៧នាក់ បើគិតមកទល់បច្ចុប្បន្នមានវិស្វករចុះបញ្ជីសរុបចំនួន ៦ ០០៨នាក់ (ស្រី ២៤០នាក់) ក្នុងនោះ វិស្វករជាតិចំនួន ៥ ៩២៤នាក់ (ស្រី ២៣៨នាក់) និងវិស្វករបរទេសចំនួន ៨៤នាក់ (ស្រី ២នាក់)៕

អត្ថបទ៖ រង្សី