ADB អនុម័តកម្ចី៥០លានដុល្លារ គាំទ្រការផ្តល់សេវាសាធារណៈ ដោយសមធម៌និងធន់ នៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥នេះ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តអនុកម្មវិធីជំហានទី១ចំនួន ៥០ លានដុល្លារ សម្រាប់កម្ចីផ្អែកលើគោលនយោបាយ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការងារផ្តល់សេវាសាធារណៈ សំដៅគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលើកកម្ពស់អភិបាលកិច្ច និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ធ្វើឱ្យការផ្តល់សេវាមានសមធម៌ និងភាពធន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុកម្មវិធីជំហានដំបូងនៃកម្មវិធីពង្រឹងអភិបាលកិច្ចដើម្បីការផ្តល់សេវាសាធារណៈកាន់តែប្រសើរឡើងនេះ ជាការគាំទ្របន្តរបស់ ADB ដើម្បីពង្រីក និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវការអនុវត្តកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា ដែលបច្ចុប្បន្នស្ថិតក្នុងដំណាក់កាលទី ៤ ដើម្បីបង្កើន គណនេយ្យភាពនៃការអនុវត្ត។

កម្មវិធីនេះបានជួយកំណែទម្រង់បង្កើនប្រសិទ្ធភាពនៃស្ថាប័នសាធារណៈ ដែលទទួលខុសត្រូវលើការប្រមូលចំណូល និងការគ្រប់គ្រងចំណាយ បង្កើតលំហសារពើពន្ធដើម្បីបង្កើនបរិមាណ និងគុណភាពនៃសេវាសាធារណៈ។ ការកែលម្អអភិបាលកិច្ចវិនិយោគសាធារណៈក៏ជួយជំរុញការអភិវឌ្ឍវិស័យឯកជន តាមរយៈក្របខ័ណ្ឌភាពជាដៃគូរវាងរដ្ឋនិងឯកជន (PPP) ដែលរឹងមាំជាងមុន និងប្រព័ន្ធលទ្ធកម្មដែលមានតម្លាភាពជាងមុន។

លោកស្រី Jyotsana Varma នាយិកា ADB ប្រចាំប្រទេសកម្ពុជា មានប្រសាសន៍ថា «កម្មវិធីនេះ គឺជាកត្តាជំរុញការផ្លាស់ប្តូរអភិវឌ្ឍន៍ រចនាឡើងដើម្បីបង្កើនសក្តានុពលសេដ្ឋកិច្ចរបស់កម្ពុជាតាមរយៈយន្តការសំខាន់បីគឺ ការលើកកម្ពស់ប្រសិទ្ធភាពនៃប្រព័ន្ធគ្រប់គ្រងចំណូលនិងចំណាយ ការពន្លឿនកំណើនតាម រយៈការវិនិយោគសាធារណៈដែលមានភាពធន់ និងការកែលម្អប្រព័ន្ធសម្រាប់ការគ្រប់គ្រងការអនុវត្តដែល នឹងកែលម្អជីវិតរស់នៅ តាមរយៈសេវាសាធារណៈកាន់តែប្រសើរ។

កំណែទម្រង់នេះត្រូវបានរំពឹងថានឹងបង្កើតចំណូលបន្ថែមប្រមាណជាង ២ ពាន់លានដុល្លារអាមេរិក និង ប្រសិទ្ធភាពនៃការសន្សំសំចៃ ប្រមាណ៣ ពាន់លានដុល្លារ នៅឆ្នាំ ២០២៨។ សហគមន៍ទូទាំងប្រទេសកម្ពុជា នឹងទទួលបានអត្ថប្រយោជន៍ពី ការងារនេះដែរសម្រាប់ឆ្នាំខាងមុខៗ។»

គួរបញ្ជាក់ដែរថា វិធីសាស្ត្រនៃអនុកម្មវិធីជំហានទី១នេះជួយរាជរដ្ឋាភិបាលអនុវត្តកំណែទម្រង់គោលនយោបាយក្នុង ផ្នែកនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជាលំដាប់លំដោយ និងដែលមានការសម្របសម្រួលច្បាស់លាស់ ស្របតាមរបៀបវារៈកំណែទម្រង់ជាតិ។ តាមរយៈវិធីសាស្ត្រនេះ រាជរដ្ឋាភិបាលអាចរៀបចំកំណែទម្រង់ យ៉ាងពេញលេញ ដោយធ្វើឱ្យប្រាកដថា ការងារនេះមាននិរន្តរភាព និងសមាហរណកម្មគ្រប់ជ្រុងជ្រោយ ទៅក្នុងប្រព័ន្ធរបស់ខ្លួន។

ADB គឺជាធនាគារអភិវឌ្ឍន៍ពហុភាគី ឈានមុខគេមួយ ដែលគាំទ្រកំណើនប្រកបដោយចីរភាព បរិយាបន្ន និង ភាពធន់នៅទូទាំងអាស៊ី និងប៉ាស៊ីហ្វិក។ ដោយធ្វើការជាមួយសមាជិក និងដៃគូរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហាប្រឈមស្មុគស្មាញរួមគ្នា ADB ប្រើប្រាស់ឧបករណ៍ហិរញ្ញវត្ថុប្រកបដោយនវានុវត្តន៍ និង ភាពជាដៃគូយុទ្ធសាស្ត្រ ដើម្បីផ្លាស់ប្តូរជីវិត កសាងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និង ការពារភពផែនដីរបស់យើង។ បង្កើតឡើងក្នុងឆ្នាំ ១៩៦៦ ADB ត្រូវបានគ្រប់គ្រងដោយសមាជិកចំនួន ៦៩ ក្នុងចំណោម ៥០ ស្ថិតក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក។