រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីឆៅធំជាងគេតម្លៃ១២លានដុល្លារ បានបើកការសាងសង់ ខណៈកម្ពុជាត្រូវការរោងចក្រប្រភេទនេះយ៉ាងតិច៣០ទៀត

សង្គម​និង​សេដ្ឋកិច្ច

រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីឆៅតម្លៃ១២លានដុល្លារ ដែលជារោងចក្រធំជាងគេនៅកម្ពុជា បានបើកការសាងសង់ជាផ្លូវការ កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រោងចក្រកែច្នៃនេះ ជារោងចក្ររបស់ក្រុមហ៊ុន CSNC Agriculture Co.,Ltd ដែលវិនិយោគដោយខ្មែរ និងសិង្ហបុរី។រោងចក្រដែលអភិវឌ្ឍន៍លើផ្ទៃដីជាង១២ហិកតានេះ មានសមត្ថភាពអាចកែច្នៃគ្រាប់ស្វាយចន្ទីបានប្រមាណ៤០តោនក្នុងមួយថ្ងៃ ឬប្រមាណជិត១ម៉ឺន៥ពាន់តោនក្នុងមួយឆ្នាំ។

ជាមួយនឹងការមានវត្តមានរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីឆៅខ្នាតធំមួយនេះ លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា នឹងមិនរំពឹងបានច្រើនពេកទេ ពីព្រោះយើងត្រូវការរោងចក្រប្រភេទនេះយ៉ាងតិច៣០ទៀត ទើបតម្លៃគ្រាប់ឆៅរបស់កសិករកម្ពុជាមានស្ថេរភាព។

ដោយលោកបន្តថា សព្វថ្ងៃនេះ យើងមានរោងចក្រធុនមធ្យមអាចផលិតបានត្រឹមតែចន្លោះពី៧ពាន់តោន ទៅ១ម៉ឺន៤ពាន់តោននោះ មានតែ៤កន្លែងប៉ុណ្ណោះ ដូច្នេះកម្ពុជាត្រូវការយ៉ាងតិច៣០ទៀត។ប៉ុន្តែ លោកលើកឡើងថា នេះជាសញ្ញាវិជ្ជមានមួយអំពីបរិយាកាសវិនិយោគនៅកម្ពុជា លើសពីនោះយើងក៏បានបង្ហាញថាកម្ពុជាជាកន្លែងដែលមានសុវត្ថិភាពនៅក្នុងការវិនិយោគផ្នែកកសិឧស្សាហកម្ម។

លោកបន្តថា នៅខែមករា ឆ្នាំ២០២៤ខាងមុខនេះ នឹងមានក្រុមហ៊ុនជប៉ុនមួយបុកគ្រឹះសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីមួយទៀតនៅស្រុកកំពង់ស្វាយ ខេត្តកំពង់ធំផងដែរ។ចំណែកឯរោងចក្រដែលសិក្សាជាបន្តបន្ទាប់ទៀតនោះគឺក្រុមហ៊ុនចិន ដែលកម្ពុជាក៏កំពុងតែទាក់ទាញ ហើយបើសិនជាទាក់ទាញបាន គេនឹងមកទាំងសុំណុំ មានន័យថាមកទាំងរោងចក្រកែច្នៃស្វាយចន្ទី រោងចក្រគាបប្រេងពីសំបកស្វាយចន្ទី និងរោងចក្រកែប្រែកាកសំណល់ចុងក្រោយរបស់ស្វាយចន្ទីទៅជាធ្យូងឧស្សាហកម្មសម្រាប់ការធ្វើចំហេះរោងចក្រឧស្សាហកម្ម។

សមាគមស្វាយចន្ទីកម្ពុជា ក៏បានធ្វើការវាយតម្លៃព្យាការណ៍ថា នៅឆ្នាំ២០២៤នេះ តម្លៃគ្រាប់ស្វាយចន្ទីនឹងកើន៥% ចំណែកទិន្នផលកើនរហូតដល់១០%។ទាក់ទងនឹងការកើនឡើងនេះ លោក អួន ស៊ីឡុត បានអះអាងថា ពីព្រោះមកដល់ពេលនេះលោកគិតថាតម្រូវការសាកលមានការកើនឡើងលើគ្រាប់ស្វាយចន្ទី ហើយបាតុភូត Elnino មិនទាន់ដំណើរការ ហាក់ដូចជាមានការពន្យាពីធម្មជាតិ ដូច្នេះធ្វើឱ្យស្វាយចន្ទីចេញផ្កាស្រុះល្អ ហើយលោក សង្ឈឹមថានឹងមានការចេញផ្កា ផ្លែមុនរដូវក្តៅមកដល់ ដែលធ្វើឱ្យទិន្នផលមិនមានការខាតបង់៕