សម្តេចធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចដល់ក្រសួងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានីខេត្តទាំង៧ ជាប់ព្រំដែន ជួយសម្របសម្រួលដល់បងប្អូនពលករខ្មែរ ដែលមានបំណងត្រឡប់មកកម្ពុជាវិញ

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែមិថុនានេះ  បានណែនាំដល់ ក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្តទាំង៧ ជាប់ព្រំដែនថៃ ផ្តល់សេវា និងការសម្របសម្រួលដល់ពលករខ្មែរមានបំណងត្រឡប់មកកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចធិបតីនាយករដ្ឋមន្ត្រី បានចេញសារសំឡេងផ្សព្វផ្សាយតាមបណ្តាញសង្គម នាព្រឹកថ្ងៃចន្ទនេះ ដោយបានណែនាំដល់ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា ប្រាក់ទៅស្ថានកុងស៊ុលខ្មែរនៅ ប្រទេសថៃ ជួយសម្រួលឯកសារនានា ដែលពលករខ្មែរខ្វះខាតសម្រាប់ឆ្លងដែន មកកម្ពុជា។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំទៅលោក ហេង សួរ រដ្ឋមន្ត្រី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រៀបចំផ្តល់ព័ត៌មាន និងភ្ជាប់ការងារជូនដល់ពលករដែលត្រឡប់មកវិញ។

សម្តេចមហាបវរធិបតី ក៏បានណែនាំទៅឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកអន្តោប្រវេសន៍ និងអភិបាលរាជធានី និងខេត្តជាប់ព្រំដែនថៃ ត្រៀមលក្ខណៈសម្បត្តិក្នុងការដឹកជញ្ជូនពលករដែលត្រឡប់មកវិញផងដែរ។

សូមបញ្ជាក់ថា ក្នុងអំឡុងពេលដែលកម្ពុជា និងថៃ មានវិវាទព្រំដែនជាមួយគ្នា នេះ មានជនជ្រុលនិយមថៃមួយចំនួនបានគំរាមដេញពលករខ្មែរត្រឡប់មក ប្រទេសវិញ ហើយពលរដ្ឋថៃ ដែលមានភាពជ្រុលនិយមខ្លះ ក៏បានរើសអើង សម្រាប់ពលករខ្មែរផងដែរ។

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសស្វាគមន៍ពលករខ្មែរឱ្យត្រឡប់មកវិញ បើពួកគេមានបំណងត្រឡប់មកវិញ៕