នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ខេត្តតាកែវមានរោចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ១.០២២ មូលដ្ឋាន ក្នុងនោះមានរោងចក្រធុនធំ ចំនួន ២២៨មូលដ្ឋាន។នេះបើយោងតាមប្រសាសន៍របស់លោក វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ ក្នុងឱកាសអញ្ជើញធ្វើបទអន្តរគមន៍ ស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមការងារចុះបញ្ជីវិនិយោគដែលមានទុនសមមូលក្រោម ៥លានដុល្លាអាមេរិក ក្នុងឱកាសនៃ ពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់ក្រសួងមហាផ្ទៃ ក្រោមអធិបតីភាពឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦។

នាឱកាសនោះ លោកអភិបាលខេត្តតាកែវ បានឱ្យដឹងថា ខេត្តតាកែវស្ថិតនៅប៉ែកនិរតីនៃព្រះរាជាណាចក្រកម្ពុជា មានក្រុង១និងស្រុក៩ មានសង្កាត់៣និងឃុំ៩៧ និងមានភូមិចំនួន ១.១២១ ភូមិ និងមានផ្ទៃដីសរុបចំនួន ៣.៦៨០,១១ គ.ម២ ខេត្តមានព្រំប្រទល់ខាងជើងនិងខាងកើតជាប់ខេត្តកណ្តាល ខាងលិចជាប់ខេត្តកំពង់ស្ពឺនិងខេត្តកំពត ខាងត្បូងនិងខាងកើតជាប់នឹងប្រទេសវៀតណាម ព្រមទាំងទំហំសេដ្ឋកិច្ចខេត្តសម្រាប់ឆ្នាំគោល២០២៤ ចំនួន ១០ទ្រីលាន ១៧៦ប៊ីលានរៀល គិតជាដុល្លារ ២ប៊ីលាន ៥៤៤លានដុល្លារ សម្រាប់ចំណូលមនុស្សម្នាក់ៗស្មើនឹង ៩.០៥៦.០០០ រៀល ឬស្មើ ២.២៦៤ ដុល្លារ។
ជាមួយគ្នានេះ លោកថា រដ្ឋបាលខេត្តាកែវបាននឹងកំពុងអនុវត្តនូវគម្រោងអភិវឌ្ឍន៍ខេត្តមួយចំនួនដូចជា គម្រោងសាងសង់ប្រាសាទក្នុងផ្ទៃបឹងតាកែវ រៀបចំវេទិកាអុំទូក សណ្ឋាគារលំដាប់ផ្កាយបួន និងផ្លូវក្រវ៉ាត់បឹងតាកែវ ដែលមានប្រវែងសរុបប្រមាណ១៨ គីឡូម៉ែត្រ និងគម្រោងអភិវឌ្ឍន៍ផ្សេងៗទៀត។

មួយវិញទៀត លោកអភិបាលខេត្តបានបញ្ជាក់ដែរថា ខាងវិស័យឧស្សាហកម្ម សិប្បកម្ម និងសំណង់ បានរួមចំណែកក្នុងសេដ្ឋកិច្ចខេត្តចំនួន ៣១% តាមរយៈប្រាក់ឈ្នួលកម្មករ និយោជិត សរុបចំនួន ៤៣៤,៣៩៧,០០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ។
សូមជម្រាបដែរថា នៅឆ្នាំ២០២៥កន្លងទៅនេះ មានរោចក្រ សហគ្រាស និងសិប្បកម្ម ចំនួន ១.០២២ មូលដ្ឋានដូចជារោងចក្រធុនធំ ចំនួន២២៨មូលដ្ឋាន សហគ្រាសធុនតូច ចំនួន១៩២មូលដ្ឋាន សហគ្រាសធុនមធ្យម ចំនួន០៧មូលដ្ឋាន និងសិប្បកម្ម ចំនួន៥៩៥មូលដ្ឋាន ដែលប្រើប្រាស់កម្លាំងពលកម្មចំនួន ១៤៤,៧៩៩នាក់ ស្រី ៨៧,៥២៨នាក់ និងទុនវិនិយោគសរុបចំនួន ១,០០៥,០៩០,២០៦ ដុល្លារអាមេរិក៕ អត្ថបទ៖ហ្សាលីន

