ឧកញ៉ា តាន់ មុនីវណ្ណ ចូលរួមថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធបើកពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា លើកទី២

ជុំវិញ​ឧកញ៉ា

នាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ឧកញ៉ា តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ម​កម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា​ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា បានអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាក្នុងពិធីសម្ពោធជាផ្លូវការ បើកពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា លើក​ទី២ នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីសម្ពោធនេះ មានអញ្ជើញចូលរួម ក្រោមអធិបតីភាព ឯកឧត្តម សំហេង បូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ព្រមទាំងមានការអញ្ជើញចូលរួម ឯកឧត្តម នុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការ​វិនិយោគកម្ពុជា​នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអ៊ីតាលី និងសភាពាណិជ្ជកម្ម​សហភាព​អឺរ៉ុបប្រចាំកម្ពុជា, សមាជិក សមាជិកា សភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអ៊ីតាលី និងសហគមន៍​ធុរកិច្ច​កម្ពុជានិងអ៊ីតាលី ជាច្រើននាក់ផងដែរ។

បើតាមសភាពាណិជ្ជកម្មកម្ពុជា ពិព័រណ៍ពាណិជ្ជកម្មនេះ គឺជាវេទិកាប្រមូលផ្តុំ ទៅដោយអ្នកជំនួញ ពាណិជ្ជករ និងក្រុមហ៊ុនធំៗ ដែលអញ្ជើញមកពីប្រទេសអ៊ីតាលី ក្នុងគោលបំណងស្វែងរកដៃគូអាជីរកម្ម បណ្តាញទំនាក់ទំនង ដៃគូសហការប្រចាំតំបន់ លើសពីនេះទៅទៀត វេទិកានេះផ្តល់ឱកាសសម្រាប់លោក អ្នកស្វែងយល់ពីផលិតផល និងសេវាកម្ម ក៏ដូចជាបច្ចេកវិទ្យាសំខាន់ៗ ស្ទើរគ្រប់វិស័យ ដើម្បីជំរុញការអភិវឌ្ឍអាជីវកម្មរបស់លោក អ្នកឲ្យកាន់​តែរីកចម្រើន។

ក្នុងនោះដែរ ក៏មានការតាំងបង្ហាញផលិតផល និងសេវាកម្មជាច្រើនប្រភេទ ចំនួន៨០ស្តង់ និងប្រមាណ ៥០ ក្រុមហ៊ុន ស្ទើរគ្រប់វិស័យដូចជា ម៉ាស៊ីនកសិកម្ម គ្រឿងសង្ហារឹម ម្ហូបអាហារ ភេសជ្ជៈ សម្ភារៈផ្ទះបាយ សម្ភារៈ​បន្ទប់ទឹក ផលិតផលគ្រឿងសម្អាង វិស័យគ្រឿងសំណង់ សម្លៀកបំពាក់ និងគ្រឿងអង្កោល ដែលសុទ្ធសឹង​ជា​ផលិតផល ដែលមានគុណភាពខ្ពស់ ស្តង់ដា ដែលនាំចូលពីប្រទេសអ៊ីតាលី ហើយក៏បន្ថែមជាមួយការរួម​ស្តង់​ផលិតផលខ្មែរ ដែលជាផលិតផលក្នុង ស្រុកផងដែរ។

សូមជម្រាបផងថា ពិព័រណ៍ពាណិជ្ជកម្មអ៊ីតាលី-កម្ពុជាលើកទី២ ប្រព្រឹត្តទៅថ្ងៃទី០៥-០៧ ខែកុម្ភៈ ឆ្នាំ២០២៦ ចាប់ពីម៉ោង៩ព្រឹក ដល់៦ ល្ងាច នៅមជ្ឃមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ អាគារ A រាជធានីភ្នំពេញ។ ពិព័រណ៍ពាណិជ្ជកម្ម អ៊ីតាលី-កម្ពុជា២០២៦ បានទទួលការគាំទ្រជាផ្លូវការពី ក្រសួងពាណិជ្ជកម្មកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្មអ៊ីតាលី ក៏ដូចជាសមាគមក្នុងស្រុកដទៃទៀត៕