អ្នកឧកញ៉ា សៀ ឬទ្ធី ដឹកនាំសមាជិកសមាគមឧកញ៉ាកម្ពុជា ១៩រូប ចូលរួមកិច្ចពិភាក្សាធុរកិច្ចពេលព្រឹកស្ដីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចសកល”

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធាន​ទទួលបន្ទុកកិច្ចការប្រចាំខែកុម្ភៈរបស់សមាគម និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ បានដឹកនាំ និងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាធុរកិច្ចពេលព្រឹកស្ដីពី “បច្ចុប្បន្នភាព​សេដ្ឋកិច្ច​សកល” ដោយមានការចូលរួមពីសមាជិកសមាគមឧកញ៉ាកម្ពុជា ចំនួន ១៩រូប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចពិភាក្សាធុរកិច្ចនេះ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្ដូរមតិយោបល់គ្នា​ទៅវិញ​ទៅមកពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចសកល ដើម្បីជាពុទ្ធិយល់ដឹងបន្ថែមសម្រាប់សមាជិក យកមក​អនុវត្ត​ជាក់ស្ដែងក្នុងការធ្វើធុរកិច្ច និងទាញយកជាផលប្រយោជន៍ ក៏ដូចជាចាប់យកឱកាសពង្រឹងនិងពង្រីក​អាជីវកម្មរបស់ខ្លួនក្នុងបរិបទប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាសកល តំបន់ និងក្នុងស្រុក ដែលកំពុងកើតឡើងរួមមាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម សង្គ្រាមពាណិជ្ជកម្ម និងកត្តាប្រឈម​ផ្សេងៗទៀត ដែលជាឧបសគ្គរាំងស្ទះដល់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។

ជាកិច្ចចាប់ផ្ដើម អ្នកឧកញ៉ា សៀ ឬទ្ធី បានស្នើសមាជិកអង្គប្រជុំចែករំលែកអំពីបញ្ហាប្រឈម​សេដ្ឋកិច្ចដែលកំពុង​កើតឡើងក្នុងពិភពលោក និងបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះក្នុងវិស័យជំនាញរៀងៗខ្លួនដូចជា ការដឹក​ជញ្ជូន ព័ស្តុភារ កសិកម្ម សុខាភិបាល អប់រំ និងច្បាប់ ។ល។ បន្ទាប់ពីបានចែករំលែកបញ្ហាប្រឈមរួច សមាជិក​អង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់គ្នា និងចែករំលែកបទពិសោធន៍ទៅវិញទៅមក ក្នុងការពង្រឹងអាជីវកម្មរបស់ខ្លួន​ក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនេះ។

អ្នកឧកញ៉ា ក៏បានចែករំលែកអំពីការផ្លាស់ប្ដូរនិន្នាការពិភពលោក គោលនយោបាយរដ្ឋាភិបាលរបស់ប្រទេស​មហាអំណាចសេដ្ឋកិច្ច និងនិន្នាការវិនិយោគរបស់ពាណិជ្ជករក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនោះ ដែល​ទាំងនេះសុទ្ធសឹងជាចំណុចសំខាន់ៗដែលក្នុងនាមជាធុរជន/វិយោគិន ត្រូវតាមដាន និងយកចិត្តទុកដាក់សម្រាប់​ការត្រៀមខ្លួនប្រឈមនឹងការប្រែប្រួលទាំងនេះ។

បន្ថែមលើនេះ អ្នកឧកញ៉ា ក៏បានផ្ដល់ជាអនុសាសន៍ដល់សមាជិកអង្គប្រជុំអំពីវិស័យ​មានសក្កដានុពលសម្រាប់​វិនិយោគក្នុង​បរិបទបច្ចុប្បន្ននេះ ដែលមានដូចជា ការជួញដូរប្រាក់ ផ្សារហ៊ុន ឧស្សាហកម្មរ៉ែ អចលនទ្រព្យបែប​ទំនើប និងវិស័យអប់រំជាដើម។

ជាចុងបញ្ចប់ សមាជិកអង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងផុសផុល និងបានថ្លែងអំណរគុណព្រមទាំងគាំទ្រ​ការ​ផ្ដួចផ្ដើម​ក្នុងការរៀបចំឱ្យមានកិច្ចពិភាក្សានេះឡើង ក្នុងកាលៈទេសៈដ៏សមស្របដែលផ្ដល់ជាអត្ថប្រយោជន៍ដល់​សមាជិក ដែលបានចូលរួម សម្រាប់យកមកបញ្ជ្រាបក្នុងការអនុវត្តជាក់ស្ដែង៕