នាព្រឹកថ្ងៃព្រហស្បតិ៍ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានទទួលបន្ទុកកិច្ចការប្រចាំខែកុម្ភៈរបស់សមាគម និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ បានដឹកនាំ និងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាធុរកិច្ចពេលព្រឹកស្ដីពី “បច្ចុប្បន្នភាពសេដ្ឋកិច្ចសកល” ដោយមានការចូលរួមពីសមាជិកសមាគមឧកញ៉ាកម្ពុជា ចំនួន ១៩រូប។

កិច្ចពិភាក្សាធុរកិច្ចនេះ ត្រូវបានផ្ដួចផ្ដើមរៀបចំឡើងក្នុងគោលបំណងចែករំលែក និងផ្លាស់ប្ដូរមតិយោបល់គ្នាទៅវិញទៅមកពាក់ព័ន្ធនឹងស្ថានភាពបច្ចុប្បន្ននៃសេដ្ឋកិច្ចសកល ដើម្បីជាពុទ្ធិយល់ដឹងបន្ថែមសម្រាប់សមាជិក យកមកអនុវត្តជាក់ស្ដែងក្នុងការធ្វើធុរកិច្ច និងទាញយកជាផលប្រយោជន៍ ក៏ដូចជាចាប់យកឱកាសពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួនក្នុងបរិបទប្រឈមនឹងវិបត្តិសេដ្ឋកិច្ចជាសកល តំបន់ និងក្នុងស្រុក ដែលកំពុងកើតឡើងរួមមាន ស្ថានភាពមិនប្រាកដប្រជាសកល, ការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម សង្គ្រាមពាណិជ្ជកម្ម និងកត្តាប្រឈមផ្សេងៗទៀត ដែលជាឧបសគ្គរាំងស្ទះដល់ការធ្វើធុរកិច្ច ពាណិជ្ជកម្ម និងវិនិយោគ។
ជាកិច្ចចាប់ផ្ដើម អ្នកឧកញ៉ា សៀ ឬទ្ធី បានស្នើសមាជិកអង្គប្រជុំចែករំលែកអំពីបញ្ហាប្រឈមសេដ្ឋកិច្ចដែលកំពុងកើតឡើងក្នុងពិភពលោក និងបញ្ហាប្រឈមដែលខ្លួនកំពុងជួបប្រទះក្នុងវិស័យជំនាញរៀងៗខ្លួនដូចជា ការដឹកជញ្ជូន ព័ស្តុភារ កសិកម្ម សុខាភិបាល អប់រំ និងច្បាប់ ។ល។ បន្ទាប់ពីបានចែករំលែកបញ្ហាប្រឈមរួច សមាជិកអង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់គ្នា និងចែករំលែកបទពិសោធន៍ទៅវិញទៅមក ក្នុងការពង្រឹងអាជីវកម្មរបស់ខ្លួនក្នុងស្ថានភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចពិភពលោកនេះ។
អ្នកឧកញ៉ា ក៏បានចែករំលែកអំពីការផ្លាស់ប្ដូរនិន្នាការពិភពលោក គោលនយោបាយរដ្ឋាភិបាលរបស់ប្រទេសមហាអំណាចសេដ្ឋកិច្ច និងនិន្នាការវិនិយោគរបស់ពាណិជ្ជករក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងនោះ ដែលទាំងនេះសុទ្ធសឹងជាចំណុចសំខាន់ៗដែលក្នុងនាមជាធុរជន/វិយោគិន ត្រូវតាមដាន និងយកចិត្តទុកដាក់សម្រាប់ការត្រៀមខ្លួនប្រឈមនឹងការប្រែប្រួលទាំងនេះ។
បន្ថែមលើនេះ អ្នកឧកញ៉ា ក៏បានផ្ដល់ជាអនុសាសន៍ដល់សមាជិកអង្គប្រជុំអំពីវិស័យមានសក្កដានុពលសម្រាប់វិនិយោគក្នុងបរិបទបច្ចុប្បន្ននេះ ដែលមានដូចជា ការជួញដូរប្រាក់ ផ្សារហ៊ុន ឧស្សាហកម្មរ៉ែ អចលនទ្រព្យបែបទំនើប និងវិស័យអប់រំជាដើម។
ជាចុងបញ្ចប់ សមាជិកអង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងផុសផុល និងបានថ្លែងអំណរគុណព្រមទាំងគាំទ្រការផ្ដួចផ្ដើមក្នុងការរៀបចំឱ្យមានកិច្ចពិភាក្សានេះឡើង ក្នុងកាលៈទេសៈដ៏សមស្របដែលផ្ដល់ជាអត្ថប្រយោជន៍ដល់សមាជិក ដែលបានចូលរួម សម្រាប់យកមកបញ្ជ្រាបក្នុងការអនុវត្តជាក់ស្ដែង៕























