នាយករដ្ឋមន្រ្តីកម្ពុជា -វៀតណាម- ឡាវ ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ និងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់

សង្គម​ និង​សេដ្ឋកិច្ច

កាលពីរសៀលថ្ងៃទី០៦​ ខែកុម្ភៈ ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំនាយករដ្ឋមន្ត្រីបីប្រទេស (កម្ពុជា-ឡាវ-វៀតណាម) ដោយមានការចូលរួមពី លោក ផាម​ មិញជិញ​ ​នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម​ និង​ លោក​ សនសៃ​ ស៊ីផាន់ដន​ នាយករដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ នៅវិមាន​សាមគ្គី​ភាព​ ក្នុងឱកាសដែល​នាយករដ្ឋមន្ត្រី​វៀតណាម​ និង​នាយករដ្ឋមន្ត្រី​ឡាវ​ បានចូលរួមកិច្ចប្រជុំរវាង​ថ្នាក់ដឹកនាំគណបក្ស​ប្រជាជន​កម្ពុជា​ ពីថ្ងៃ​ទី៦​ដល់ថ្ងៃទី៧​ ​ខែកុម្ភៈ​ ឆ្នាំ​២០២៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃកិច្ចប្រជុំនោះ សម្តេចធិបតីបានវាយតម្លៃខ្ពស់ចំពោះការប្រាស្រ័យទាក់ទងគ្រប់កម្រិត និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងប្រទេសទាំងបី។ សម្តេចធិបតីបានកត់សម្គាល់ពីវឌ្ឍនភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងបី នាពេលកន្លងមក និងដាក់ចេញនូវគំនិតផ្តួចផ្តើមមួយចំនួន ដើម្បីបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មបន្ថែមទៀត ដើម្បីឱ្យសម្រេចបាននូវទំហំពាណិជ្ជកម្ម៧០០លានដុល្លារអាមេរិក នៅឆ្នាំ២០៣០ ជាមួយប្រទេសឡាវ និងទំហំពាណិជ្ជកម្ម២០ពាន់លានដុល្លារអាមេរិក ជាមួយប្រទេសវៀតណាម នាពេលខាងមុខ។

ទន្ទឹមនេះ សម្តេចបវរធិបតីបានជំរុញប្រទេសទាំងបីបន្តការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងការតភ្ជាប់កាន់តែទូលំទូលាយ តាមរយៈហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូន វប្បធម៌ ទេសចរណ៍ ថាមពលអគ្គីសនី ។ល។ សម្តេចបវរធិបតីក៏បានជំរុញក្រុមការងារបច្ចេកទេសពន្លឿនការកំណត់ទីតាំងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបាយ។

ប្រមុខរដ្ឋាភិបាល​ទាំងបី​ បានសង្កត់ធ្ងន់លើសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងបី សម្រាប់ការអភិវឌ្ឍ ក៏ដូចជាការរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ប្រមុខ​រដ្ឋាភិបាល​ទាំងបីបានបន្តជំរុញកិច្ចសហប្រតិបត្តិការនយោបាយ-ការទូត, ការផ្លាស់ប្តូរព័ត៌មានក្នុងយន្តការការបរទេស, ការគាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ និងការផ្សារភ្ជាប់រវាងអ្នកដឹកនាំជំនាន់ក្រោយ។

គួរបញ្ជាក់ថា កិច្ចប្រជុំ​ក៏បន្តជំរុញកិច្ចសហប្រតិបត្តិការការពារជាតិ និងសន្តិសុខ ដើម្បីរួមគ្នាទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបញ្ហាសន្តិសុខមិនប្រពៃណី។ ក្នុងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគ, វៀតណាមបានបង្ហាញការត្រៀមខ្លួនក្នុងការបន្តជំរុញវិនិយោគថែមទៀតនៅកម្ពុជា។

ប្រមុខ​រដ្ឋាភិបាល​ទាំងបី​ ក៏បានបន្តជំរុញការតភ្ជាប់រវាងប្រទេសទាំងបី រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការដឹកជញ្ជូន ថាមពលអគ្គីសនី និងការអប់រំនិងបណ្តុះបណ្តាល ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ និងលើកកម្ពស់ទេសចរណ៍”ប្រទេសបី-គោលដៅមួយ”៕