កម្ពុជា-ព្រុយណេ ប្តេជ្ញាពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគបន្ថែមទៀត

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ព្រុយណេ បង្ហាញការប្តេជ្ញាចិត្តរួមគ្នា ក្នុងការជំរុញនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមជំនួបរវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Pengiran Kasmirhan Bin Pengiran Haji Tahir ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសព្រុយណេ ប្រចាំកម្ពុជា កាលថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈជំនួបនោះ ភាគីកម្ពុជា-ព្រុយណេ បានបញ្ជាក់នូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការជំរុញបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជានិងព្រុយណេ លើវិស័យជាច្រើន ជាពិសេសវិស័យពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកសិកម្ម ទេសចរណ៍ និងវប្បធម៌ជាដើម។ លើសពីនេះ ភាគីទាំងពីរក៏បានបញ្ជាក់ពីជំហរក្នុងការគាំទ្រគ្នាទៅវិញទៅមកក្នុងវេទិកាតំបន់ និងអន្តរជាតិផងដែរ។

សូមរម្លឹកដែរថា ទំហំពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាសមាជិកអាស៊ាន គិតត្រឹមឆមាសទី១ឆ្នាំ២០២៣ សម្រេចបានជាង ៦ពាន់លានដុល្លារអាម៉េរិក ថយចុះជាង១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។ ក្នុងនោះ កម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសនៅក្នុងតំបន់អាស៊ាន ក្នុងទំហំទឹកប្រាក់ជាង ២,២ពាន់លានដុល្លារ ខណៈកម្ពុជាបាននាំចូលទំនិញពីតំបន់អាស៊ានវិញក្នុងទំហំទឹកប្រាក់ជាង ៣,៨ពាន់លានដុល្លារអាម៉េរិក។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។ ដោយឡែក ទំហំពាណិជ្ជកម្មរវាងកម្ពុជា-ព្រុយណេ ក្នុងឆ្នាំ២០២៣ មាន ម្រេចបានក្នុងទំហំជាង ១១,២១លានដុល្លារ៕