កសិករក្នុងខេត្តព្រះវិហារម្នាក់អាចរកប្រាក់ចំណូលបានដល់៤០លានរៀលពីការដាំបន្លែរយៈពេល៦ខែ

សង្គម​ និង​សេដ្ឋកិច្ច

កសិករគំរូម្នាក់នៅស្រុកឆែប ខេត្តព្រះវិហា លោក ចន គឹមស្រស់ ចំណាយពេលដាំបន្លែនៅលើទីវាលនិងដាំបន្លែនៅក្នុងផ្ទះសំណាញ់រយៈពេលត្រឹមតែ៦ខែ អាចរកប្រាក់ចំណូលបានរហូតដល់៤០លានរៀល ផ្អែកលើបទពិសោធន៍ក្នុងការដាំបន្លែនៅលើទីវាលប្រមាណ២០ឆ្នាំ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កសិករ ចន គឹមស្រស់ បាននិយាយថា ក្នុងរយៈពេលជាង២០ឆ្នាំមកនេះ លោកមានសមត្ថភាពរកចំណូលពីការដាំលើទីវាល ក្នុងមួយឆ្នាំបានយ៉ាងច្រើន២០លានរៀលប៉ុណ្ណោះ ប៉ុន្តែនៅពេលមកចាប់ផ្តើមដាំបន្លែនៅក្នុងផ្ទះសំណាញ់រយៈពេល៦ខែអាចរកប្រាក់ចំណូលបានដល់៤០លានរៀល ហើយក្នុងឆ្នាំ២០២៦នេះ លោកនៅតែមានជំនឿចិត្តថា នៅតែអាចរកប្រាក់ចំណូលបាន៤០លានរៀលដូចពេលកន្លងទៅ ព្រោះលោកបានសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែបន្ថែមឱ្យបានដល់១០ខ្នង ច្រើនជាងនាពេលសព្វថ្ងៃ។

ការដាំបន្លែនៅលើទីវាបើកសិករចំណាយដើមទុនអស់ប្រាក់៧០ម៉ឺនរៀល ពេលប្រមូលផលត្រឡប់មកវិញបានប្រាក់តែជាង១លានរៀល ហើយបើកាត់ថ្លៃចំណាយអស់គឺនៅសល់ប្រាក់តិចប៉ុណ្ណោះ។ ប៉ុន្តេបើកសិករដាំបន្លែនៅក្នុងផ្ទះសំណាញ់វិញ ចំណាយទុនអស់តិច តែចំណូលបានមកវិញច្រើន។

ផ្អែកលើបទពិសោធន៍ដាំបន្លែលើទីវាលជាង២០ឆ្នាំ, កសិករ ចន គឹមស្រស់ បាននិយាយទៀតថា ការដាំបន្លែនៅក្នុងផ្ទះសំណាញ់កសិករទទួលបានទិន្នផលបន្លែច្រើន ចំណាយថ្លៃផលិតតិច តែទទួលបានប្រាក់ចំណូលខ្ពស់ជាងការដាំបន្លែនៅលើទីវាល ។តួយ៉ាងនៅខែមីនាឆ្នាំ២០២៦ខាងមុខនេះ គ្រោងប្រមូលផលបន្លែរបស់ខ្លួនប្រមាណ៣ទៅ៤តោន ហើយរំពឹងថាលក់បានតម្លៃល្អប្រសើរ។

កសិករ ចន គឹមស្រស់ មានជំនឿយ៉ាងមុតមាំថា មុខរបរដាំបន្លែក្នុងផ្ទះសំណាញ់ក្នុងពេលសព្វថ្ងៃនេះនឹងជួយឱ្យគ្រួសាររបស់លោកមានប្រភពប្រាក់ចំណូលកាន់តែរឹងមាំបន្ថែមទៀតនៅពេលខាងមុខ ខណៈបច្ចុប្បន្នលោកមានទីផ្សារចាំទទួលទិញនៅតាមខេត្តមានច្រើនកន្លែង៕