លោក Jimmy Lai ដែលត្រូវបានគេស្គាល់ថាមហាសេដ្ឋីបណ្តាញសារព័ត៌មានដ៏ល្បីល្បាញរបស់ហុងកុង ត្រូវបានកាត់ទោសឲ្យចាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ ពីបទឃុបឃិតជាមួយកងកម្លាំងបរទេស និងបោះពុម្ពផ្សាយឯកសារបង្កភាពញុះញង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមសេចក្តីសម្រេចដែលត្រូវបានចេញផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ដោយចៅក្រមនៅតុលាការមួយនៅសង្កាត់ West Kowloon ទីក្រុងហុងកុង បាននិយាយថា ៖” បន្ទាប់ពីមានការពិចារណាលើលក្ខណៈធ្ងន់ធ្ងរនៃបទល្មើសរបស់លោក Lai តុលាការបានសន្និដ្ឋានថាទោសអតិបរមាសម្រាប់គាត់ នៅក្នុងករណីនេះ គឺនឹងត្រូវជាប់ពន្ធនាគាររយៈពេល ២០ឆ្នាំ”។
គួរឲ្យដឹងថា លោក Lai បច្ចុប្បន្នវ័យ ៧៨ឆ្នាំ ដែលជាស្ថាបនិករបស់បណ្តាញសារព័ត៌មានដ៏ធំ Apple Daily ត្រូវបានកាត់ទោសនៅក្នុងខែធ្នូ ឆ្នាំ២០២៥ ក្រោមច្បាប់សន្តិសុខជាតិលើបទចោទប្រកាន់ចំនួនពីរគឺ ការឃុបឃិតជាមួយកងកម្លាំងបរទេស និង ការបោះពុម្ពផ្សាយព័ត៌មានបង្កឲ្យមានការញុះញង់។
Apple Daily ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដំបូងឡើយបានទាក់ទាញអ្នកអានជាមួយនឹងព័ត៌មានដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន ដូចជាការលួចមើលជីវិតឯកជនរបស់តារាល្បីៗ និងករណីឧក្រិដ្ឋកម្មបង្ហូរឈាមជាដើម។ ហើយក្នុងអំឡុងពេលនៃការតវ៉ានៅហុងកុង កាសែតនេះតែងតែរិះគន់ទីក្រុងប៉េកាំង និងរដ្ឋាភិបាលហុងកុងជានិច្ច។
បន្ទាប់ពីច្បាប់សន្តិសុខជាតិរបស់ហុងកុងត្រូវបានអនុវត្ត លោក Jimmy Lai ត្រូវបានចាប់ខ្លួនដោយប៉ូលីសក្នុងខែសីហា ឆ្នាំ២០២០ ដោយសង្ស័យថាបានឃុបឃិតជាមួយកងកម្លាំងបរទេស និងការក្លែងបន្លំ។កាសែត Apple Daily ត្រូវបានបង្ខំឱ្យបិទទ្វារក្នុងខែមិថុនា ឆ្នាំ២០២១ បន្ទាប់ពីប៉ូលីសបានឆ្មក់ចូលទីស្នាក់ការកណ្តាលរបស់ខ្លួន ហើយអាជ្ញាធរហុងកុងបានបង្កកទ្រព្យសម្បត្តិរបស់លោក Lai និងកាសែតនេះផងដែរ។
ជម្រាបជូនផងដែរថា លោក Lai ត្រូវបាត់ទុកថាជាស្តេចត្រាញ់នៅក្នុងវិស័យសារព័ត៌មានរបស់ហុងកុង ដោយលោកត្រូវបានគេប៉ាន់ប្រមាណថាមានចំនួនទ្រព្យសម្បត្តិសរុប ១,២ពាន់លានដុល្លារ៕

