ក្នុងរយ:ពេល ៦ ខែចុងក្រោយ តម្លៃនាំចេញអង្កររបស់ថៃ ហក់ឡើងដល់កម្រិតខ្ពស់បំផុត

អន្តរជាតិ

តម្លៃអង្ករនាំចេញរបស់ប្រទេសថៃ បានហក់ឡើងដល់កម្រិតខ្ពស់បំផុត គិតចាប់តាំងពីខែមិថុនា ឆ្នាំ ២០២២ មក ដោយសារតែការកើនឡើងនៃចំនួននាំចេញ និងភាពរឹងមាំនៃតម្លៃប្រាក់បាត។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លើសពីនេះ ប្រព័ន្ធផ្សព្វផ្សាយបរទេស បានរាយការណ៍ឱ្យដឹងទៀតថា តម្លៃអង្ករបាក់ៗ ៥% របស់ប្រទេសថៃ ទទួលបានតម្លៃនាំចេញចន្លោះពី ៤៥២ ដុល្លារ ទៅ ៤៦០ ដុល្លារ ក្នុងមួយតោន ដែលជាចំនួនកើនឡើងពីកម្រិត ៤២០ ដុល្លារ ទៅ ៤៥៧ ដុល្លារ ក្នុងមួយតោន។

យ៉ាងណាមិញ សម្រាប់ប្រភេទអង្ករបាក់ៗ ៥% របស់ប្រទេសឥណ្ឌាវិញ ទទួលបានតម្លៃនាំចេញខ្ពស់បំផុតត្រឹម ៣៧៤ ដុល្លារ ទៅ ៣៨០ ដុល្លារ ក្នុងមួយតោនប៉ុណ្ណោះ ដែលជាកម្រិតលើសពីសប្តាហ៍មុន ៣៧៣ ដុល្លារ ទៅ ៣៧៨ ដុល្លារ ក្នុងមួយតោន។

ដោយឡែក នៅក្នុងរយ:ពេលដូចគ្នានេះ អង្ករបាក់ៗ ៥% របស់វៀតណាម ត្រូវបានផ្តល់ជូនតម្លៃនាំចេញ ៤៤៨ ដុល្លារ ទៅ ៤៥៣ ដុល្លារ ក្នុងមួយតោន ដែលជាតម្លៃមិនផ្លាស់ប្តូរ បើធៀបនឹងពេលមួយសប្តាហ៍មុន ។

គួរឱ្យដឹងថា ក្នុងពេលបច្ចុប្បន្ន អង្ករនៅក្នុងតំបន់អាស៊ី ហាក់ទទួលបានតម្រូវការកាន់តែច្រើន ចំពេលមានព័ត៌មានថា ការផ្គត់ផ្គងអង្ករ អាចនឹងត្រូវធ្វើការរឹតបន្តឹងក្នុងពេលឆាប់ៗខាងមុខ ដូច្នេះហើយ ទើបអ្នកនាំចូល កំពុងសម្រុកប្រមូលទិញអង្ករ ដើម្បីយកមកស្តុកទុក ៕