លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន កាណាឌីយ៉ា គ្រុប (Canadia Group) កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៦ បានរៀបចំនិងអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីជួបជុំសំណេះសំណាលបុគ្គលិកមហាគ្រួសារកាណាឌីយ៉ា ឆ្នាំ២០២៦ (CANADIA FAMILY TOWNHALL 2026) នៅសាលមហោស្រពកោះពេជ្រ។

ពិធីខាងលើនេះ មានការអញ្ជើញចូលរួមពី លោកប្រធាន និងលោកស្រីអនុប្រធានក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសម្ព័ន្ធកាណាឌីយ៉ា និង អូ ស៊ី អាយ ស៊ី។ កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងឱកាសស្វាគមន៍អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ២០២៦ ខាងមុខនេះ ដើម្បីជួបជុំ សំណេះសំណាល និងអរគុណដល់បុគ្គលិកគ្រប់ជាន់ថ្នាក់ ដែលបានរួមចំណែកជំរុញភាពជោគជ័យរបស់ក្រុមហ៊ុន។
សូមជម្រាបថា ចាប់ផ្តើមពីការបង្កើត ធនាគារកាណាឌីយ៉ា (Canadia Bank) ក្នុងទសវត្សរ៍ឆ្នាំ ១៩៩០ លោកអ្នកឧកញ៉ា ពុង ឃាវសែ បានខឹតខំប្រឹងប្រែងពង្រឹងប្រព័ន្ធធនាគារនៅកម្ពុជា និងបានភ្ជាប់ទំនាក់ទំនងឱ្យប្រសើរវិញទៅកាន់ទីផ្សារក្នុងតំតំបន់ និងអន្តរជាតិ។ ជាមួយនឹងជំនាញ និងបទពិសោធន៍ដ៏ច្រើនក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ បច្ចុប្បន្នលោកបានអភិវឌ្ឍបន្តនូវរចនាសម្ព័ន្ធរបស់ Canadia Group ដោយមាន Canadia Investment Holding ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធហិរញ្ញវត្ថុ និង OCIC ក្រុមហ៊ុនអភិវឌ្ឍលើវិស័យហេដ្ឋារចនាសម្ព័ន្ធ អចលនទ្រព្យ សុខាភិបាល និងអប់រំ ដោយផ្តោតសំខាន់លើអតិថិជន និងសហគមន៍ទាំងមូល៕






