ក្រុមប្រឹក្សាសន្តិភាព ដែលត្រូវបានផ្តួចផ្តើមឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គ្រោងនឹងរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំរបស់ប្រទេសជាសមាជិក ជាលើកដំបូង ដែលនឹងរួមបញ្ចូលលើការពិភាក្សាសំខាន់ជុំវិញតំបន់ហ្គាហ្សា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNN។

យោងតាមមន្ត្រីរដ្ឋាភិបាលសហរដ្ឋអាមេរិកម្នាក់ដែលមិនបញ្ចេញឈ្មោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ កាលពីពេលថ្មីៗនេះថា ៖”យើងបញ្ជាក់ថាសន្និសីទនេះនឹងត្រូវធ្វើឡើងនៅថ្ងៃទី១៩ ខែកុម្ភៈ។ នេះនឹងក្លាយជាកិច្ចប្រជុំលើកដំបូងរបស់ក្រុមប្រឹក្សាសន្តិភាព ហើយក៏ជាសន្និសីទរៃអង្គាសថវិកាសម្រាប់ការកសាងឡើងវិញនៃតំបន់ហ្គាហ្សាផងដែរ”។
គួរឲ្យដឹងថាកិច្ចប្រជុំនេះត្រូវបានគ្រោងនឹងធ្វើឡើងនៅវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិក ដែលសេតវិមានបានប្តូរឈ្មោះទៅជាវិទ្យាស្ថានសន្តិភាព Donald J. Trump នៅចុងឆ្នាំមុន។ យោងតាមមន្ត្រីសហរដ្ឋអាមេរិក កិច្ចប្រជុំនេះគឺសម្រាប់គោលបំណងរៃអង្គាសថវិកាមួយផ្នែក ប៉ុន្តែព័ត៌មានលម្អិតបន្ថែមកំពុងត្រូវបានពិភាក្សា។
យ៉ាងណាមិញ វានៅមិនទាន់ច្បាស់ទេថាប្រទេសណាខ្លះនឹងចូលរួមកិច្ចប្រជុំនេះ និងមេដឹកនាំប្រទេសជាសមាជិកកម្រិតណា នឹងត្រូវបានតំណាងនោះទេ។ ប៉ុន្តែនោះក្នុងនោះនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បានប្រកាសកាលពីថ្ងៃទី៧ ខែកុម្ភៈថា លោកនឹងធ្វើដំណើរទៅកាន់ទីក្រុងវ៉ាស៊ីនតោនក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដើម្បីចូលរួមកិច្ចប្រជុំក្រុមប្រឹក្សាសន្តិភាព។
ជម្រាបជូនថា កាលពីខែមុន ប្រធានាធិបតី លោក ត្រាំ បានចុះហត្ថលេខាលើច្បាប់មួយដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាព នៅទីក្រុង Davos ប្រទេសស្វីស ដោយមានតំណាងមកពីជិត ២០ ប្រទេសចូលរួម។ ក្រុមប្រឹក្សាសន្តិភាព គឺក្រុមតូចមួយនៃមេដឹកនាំពិភពលោកដែលទទួលខុសត្រូវក្នុងការត្រួតពិនិត្យផែនការសន្តិភាពនៅក្នុងតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណាក៏ដោយ ទំហំរបស់ស្ថាប័ននេះបានពង្រីក ដោយលោក ត្រាំបានផ្ញើលិខិតអញ្ជើញទៅកាន់ប្រទេសប្រហែល ៦០ ៕

