មហាសេដ្ឋីកំពូលៗ​ទាំង៥ របស់កូរ៉េខាងត្បូង ក្តាប់ទ្រព្យសម្បត្តិរួមគ្នាសរុបជាង ៥០ពាន់លានដុល្លារ

អន្តរជាតិ

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញពីឈ្មោះកំពូលមហាសេដ្ឋីមានដាច់គេបំផុតទាំង៥ របស់ប្រទេសកូរ៉េខាងត្បូង ដែលមានទ្រព្យសម្បត្តិរួមបញ្ចូលគ្នាប្រមាណ ៥១,៥ពាន់លានដុល្លារ ដោយក្នុងនោះមានបីរូប គឺជាអ្នកស្នងមរតករបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

១. Lee Jae Yong

លោក Lee បច្ចុប្បន្នគឺជាប្រធានក្រុមហ៊ុន Samsung Electronics និងជាបុគ្គលមានបំផុតរបស់ប្រទេសកូរ៉េខាងត្បូង ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៩,១ពាន់លានដុល្លារ។

២. Seo Jung Jin

លោក Seo គឺជាសហស្ថាបនិកក្រុមហ៊ុន Celltrion ដែលជាក្រុហ៊ុនជីវឱសថដ៏ធំបំផុតរបស់ប្រទេស។ ក្រុមហ៊ុននេះផលិតថ្នាំព្យាបាលជំងឺផ្សេងៗ រួមទាំងជំងឺមហារីក គ្រុនផ្តាសសាយ ​និងជំងឺរលាកសន្លាក់រ៉ាំរ៉ៃជាដើម។ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ៨,៥ពាន់លានដុល្លារ លោក Seo បច្ចុប្បន្នជាប់តំណែងជាអ្នកដាច់គេទីពីររបស់ប្រទេស។

៣. Hong Ra Hee

លោកស្រី Hong Ra Hee ជាភរិយារបស់អតីតប្រធានក្រុមហ៊ុន Samsung លោក Lee Kun Hee និងត្រូវជាម្តាយរបស់ប្រធានក្រុមហ៊ុន Samsung បច្ចុប្បន្ន លោក Lee Jae Yong ។

បច្ចុប្បន្ន លោកស្រី Hong មានភាគហ៊ុនប្រមាណ ១,៤៩% នៅក្នុងក្រុមហ៊ុន Samsung ដែលធ្វើឱ្យលោកស្រីក្លាយជាម្ចាស់ភាគហ៊ុនធំបំផុតទីពីរបន្ទាប់ពីលោក Lee Jae Yong ដែលមានភាគហ៊ុនក្នុងដៃ ១,៦៥%។ លោកស្រី Hong មានទ្រព្យសម្បត្តិសរុបប្រមាណ ៨,៣ពាន់លានដុល្លារ។

៤. Lee Boo Jin

លោកស្រី Lee Boo Jin ត្រូវបានគេស្គាល់ថាជាអ្នកជំនួញដ៏លេចធ្លោបំផុតម្នាក់របស់ប្រទេសកូរ៉េខាងត្បូង។ លោកស្រី បច្ចុប្បន្នគឺជាប្រធាន និងនាយកប្រតិបត្តិរបស់សណ្ឋាគារ Hotel Shilla។ ក្នុងវ័យ ២៩ឆ្នាំ លោកស្រី Lee ធ្លាប់រៀបការជាមួយអតីតបុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុន Samsung ប៉ុន្តែទំនាក់ទំនងនេះបានបែកបាក់វិញ នៅក្នុងឆ្នាំ២០២០។

លោកស្រី Lee បច្ចុប្បន្នត្រូវបាន Forbes រាយការណ៍ថាមានទ្រព្យសម្បត្តិសរុបប្រមាណ ៧,៩ពាន់លានដុល្លារ និងជាអ្នកមានបំផុតទី៤ នៅក្នុងប្រទេស។

៥. Chung Mong Koo

លោក Chung គឺជាកូនប្រុសទីពីររបស់លោក Chung Ju Yung ដែលជាស្ថាបនិកក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Hyundai Group ។ ក្រោយឪពុកចែកឋានទៅ លោក Chung បានបង្កើតក្រុមហ៊ុនផលិតរថយន្ត Hyundai Motor ហើយដឹកនាំក្រុមហ៊ុននេះអស់រយៈពេលជាងពីរទសវត្ស មុនពេលចុះចេញពីតំណែង ក្នុងឆ្នាំ២០២០។ បច្ចុប្បន្ន ទ្រព្យសម្បត្តិរបស់លោក Chung មានចំនួនប្រមាណ ៧,៧ពាន់លានដុល្លារ៕​