កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ លោកស្រី ម៉ុម ថានី រដ្ឋលេខាធិការក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំពិនិត្យ និងកំណត់គោលការណ៍ លក្ខណៈវិនិច្ឆ័យ និងសូចនាករសហគមន៍អាព្យាក្រឹតកាបូន ដើម្បីប្រែក្លាយសហគមន៍កោះស្រឡៅជាសហគមន៍អព្យាក្រឹតកាបូន ក្នុងគោលបំណងប្រែក្លាយសហគមន៍កោះស្រឡៅជាគោលដៅលំហែរបៃតង ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិមកកំសាន្ត។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពី អនុរដ្ឋលេខាធិការ អគ្គនាយកដ្ឋានគោលនយោបាយនិងយុទ្ធសាស្រ្ត អគ្គនាយកសហគមន៍មូលដ្ឋាន អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញក្រោមចំណុះអគ្គនាយកដ្ឋានទាំងពីរផងដែរ។
សូមបញ្ជាក់ថា ក្រសួងបរិស្ថាន គ្រោងរៀបចំគម្រោងអភិវឌ្ឍន៍កោះស្រឡៅ ទៅជាកោះអព្យាក្រឹតកាបូន គំរូមួយនៅកម្ពុជា នៅពេលខាងមុខ តាមរយៈការគាំទ្រឱ្យមានកិច្ចសហប្រតិបត្តិការជាមួយដៃគូពាក់ព័ន្ធ ដើម្បីបង្កើតជម្រើសជីវភាព និងមុខរបរ ដែលចូលរួមចំណែកដល់ការអភិរក្ស បង្កើនភាពធន់នឹងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងអនាម័យបរិស្ថាន ឱ្យមានភាពស្អាតទាំងនៅលើដី លើមេឃ និងក្នុងទឹក និងការរៀបចំគោលដៅលំហែបៃតង ដែលដើរតួនាទីដ៏សំខាន់ ក្នុងការកាត់បន្ថយការដាក់សម្ពាធ លើធនធានធម្មជាតិ និងលើកកម្ពស់ការងារអភិរក្ស ធនធានធម្មជាតិ។

គួរឱ្យដឹងថា សហគមន៍កោះស្រឡៅ ស្ថិតក្នុងភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ដែលហ៊ុមព័ទ្ធដោយព្រៃកោងកាង និងជាទីកន្លែងសម្បូរទៅដោយគ្រឿងសមុទ្រធម្មជាតិស្រស់ៗ ជីវៈចម្រុះជាច្រើនប្រភេទ និងមានប្រជាសហគមន៍អាស្រ័យផលប្រមាណ៣០០គ្រួសារ៕

