យានយន្តជិត ៥០ ម៉ឺន​គ្រឿង​ មិន​ទាន់​យក​មក​ឆៀក

សង្គម​និង​សេដ្ឋកិច្ច

ថ្លែង​ក្នុង​ពិធីសម្ពោធដាក់ឱ្យដំណើរការមជ្ឈមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ (ឆៀក) សាខាពោធិ៍សែនជ័យ-អូរដឹម និងប្រព័ន្ធស្វ័យប្រវត្តិកម្មត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) ជំនាន់ទី២ នៅព្រឹកមិញនេះ រដ្ឋមន្រ្តី​ក្រសួង​សាធារណការនឹងដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា មាន​យានយន្ត​ ៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីសារសំខាន់នៃការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ និងបទញ្ញត្តិច្បាប់ដែលតម្រូវឱ្យមានការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះមិនស្របតាមស្តង់ដាលក្ខណៈបច្ចេកទេស អាចបង្កគ្រោះថ្នាក់ចរាចរណ៍តាមដងផ្លូវ និងបានបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍សព្វថ្ងៃកើតឡើងចេញពីកត្តាយានជំនិះមានប្រមាណ៣,៥% ដោយសារការមិនបានយកយានជំនិះទៅត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ និង​ទៀងទាត់​។

បើ​តាម​លោក​រដ្ឋមន្រ្តីមានយានជំនិះចំនួន៤៩០ពាន់គ្រឿងនៅទូទាំងប្រទេស មិនទាន់បានយកមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៅឡើយ។ លោក​ក៏​បាន​អំពាវនាវដល់ប្រជាពលរដ្ឋដែលជាម្ចាស់យានជំនិះទាំងនោះប្រញាប់​យក​យានជំនិះមកត្រួតពិនិត្យលក្ខណៈបច្ចេកទេសឱ្យបានទៀងទាត់ និងទាន់ពេលវេលាដើម្បីសុវត្ថិភាព​គ្រួសារ​និង​អ្នក​ប្រើប្រាស់​ដងផ្លូវ។

តាមការសិក្សាស្រាវជ្រាវបានបង្ហាញថា កត្តាដែលបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍មានកត្តាធំៗចំនួន៣គឺ៖ (១) កត្តាមនុស្ស៩៦% (២) កត្តាយានយន្ត ៣,៥% និង (៣) កត្តាផ្លូវ ថ្នល់ និងអាកាសធាតុ០,៥%។

បើ​តាម​របាយការណ៍​របស់​ក្រសួង​សាធារណកា​រ​និង​ដឹកជញ្ជូន ចំនួនរថយន្តដែលបានចុះបញ្ជីបានកើនឡើងដល់ប្រមាណ ៩២០,០០០គ្រឿង ខណៈម៉ូតូមានចំនួនប្រមាណ ៥,២លានគ្រឿង។ ចាប់តាំងពីឆ្នាំ១៩៩៨ ចំនួនរថយន្តបានកើនឡើងពី៦៥,០០០ ដល់៩២០,០០០ ហើយចំនួនម៉ូតូបានកើនឡើងពី២០០,០០០ ទៅ ៥,២ លានគ្រឿង។