ប្រធានក្លឹបអ្នកកាសែតកម្ពុជា៖ ការងារអាទិភាពក្នុងអាណត្តិថ្មី គឺបណ្តុះបណ្តាលនិងបញ្ច្រៀប ក្រមសីលធម៌វិជ្ជាជីវៈដល់អ្នកសារព័ត៌មាន

សង្គម​និង​សេដ្ឋកិច្ច

ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) បានរៀបចំការបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយក និងប្រធានសម្រាប់អាណត្តិទី៧ កាលពីរសៀលថ្ងៃទី២៧ ខែមករា ម្សិលមិញ នៅភោជនីយដ្ឋាន បឹងមាស ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ដោយមានអ្នកសារព័ត៌មានជាសមាជិកជិត៣០០អ្នកបានចូលរួម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពុយ គា ប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារព័ត៌មានក្យូដូ ដែលបានជាប់ជាប្រធានក្លិបអ្នកសែតកម្ពុជា សម្រាប់អាណត្តិទី៧ បានបញ្ជាក់ថា សម្រាប់អាណត្តិថ្មីទៅ៣ឆ្នាំខាងមុខនេះ ក្លិបអ្នកសែតកម្ពុជា នឹងយកការបណ្តុះបណ្តាល និងការបញ្ច្រៀបក្រមសីលធម៌វិជ្ជាជីវៈ ជាការងារអាទិភាព។
លោក ពុយ គា ក៏បានប្តេជ្ញាចិត្ត ដឹកនាំក្លិបអ្នកកាសែតកម្ពុជា និងខិតខំធ្វើអ្វីដែលជាប្រយោជន៍ដល់អ្នកសារព័ត៌មាន ក្នុងគោលដៅដើម្បីឲ្យវិជ្ជាជីវៈនិងក្រមសីលធម៌ សារព័ត៌មានមានភាពប្រសើរឡើង។ ហើយសម្រាប់ការបណ្តុះបណ្តាល លោក ក៏បានទំនាក់ទំនងក្រសួង ស្ថាប័ន មួយចំនួន ដូចជា ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងអ្នកជំនាញខាងផ្នែកឌីជីថលនានា នឹងមកចែករំលឹកចំណេះដឹង ដល់អ្នកសារព័ត៌មានផងដែរ។

នៅក្នុងឳកាសអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការនាយកនេះ ឯកឧត្តម ខៀវ កាញារិទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន ក៏បានជំរុញដល់អ្នកសារព័ត៌មាន ត្រូវចាំបាច់រក្សាក្រមសីល ធម៌វិជ្ជាជីវៈ ពីព្រោះក្រមសីលធម៌ គឺជាអាវក្រោះរបស់អ្នកកាសែត ហើយក្រសួងក៏ត្រៀមរៀបចំវគ្គ បណ្តុះបណ្តាល សម្រាប់អ្នកសារព័ត៌មានអនឡាញ ដើម្បីពង្រឹងក្រមសីលធម៌វិជ្ជាជីវៈ។
គួរបញ្ជាក់ថា សមាជិកគណៈកម្មាធិការនាកយកក្លិបអ្នកកាសែតកម្ពុជា សម្រាប់អណត្តិទី៧ មានចំនួន ៩រូប រួមមាន ១. លោក ខៀវ កូឡា ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជា ២. លោក ជេត សន ស្ថាបនិកក្លិបអ្នកកាសែតកម្ពុជ ៣. លោកស្រី ថុង សុវណ្ណរង្សី អគ្គនាយិកាសារព័ត៌មានកោះសន្តិភាព ៤. លោក ទាវ សារៈមុនី និពន្ធនាយកសារព័ត៌មានរស្មីកម្ពុជា ៥. លោក នៅ សុភ័ស្ស នាយកសារព័ត៌មាន CLICK NEWS CBS ៦. លោក ពុយ គា ប្រធានអ្នកឆ្លើយឆ្លងឱ្យទីភ្នាក់ងារព័ត៌មានក្យូដូ ៧. កញ្ញា យ៉ាន់ លីណា នាយិកាវិទ្យុវាយោ FM ៨លោក លាង ដឺលុច សហស្ថាបនិកសារព័ត៌មានថ្មីៗ និង៩. លោក សៅ ភិរុណ អគ្គនាយករង ស្ថានីយវិទ្យុ និងទូរទ្សន៍ BTV។
ជាលទ្ធផលក្នុងចំណោមសន្លឹកបោះឆ្នោតសរុបចំនួន២៨១ មានសន្លឹកបោះឆ្នោត ២៧៧សន្លឹក បានយល់ព្រមគាំទ្រលើការជ្រើសរើសសមាជិកគណៈ កម្មាធិការ នាយក សម្រាប់ អាណត្តិទី៧ ដែលមានចំនួន ៩រូប រីឯសន្លឹកឆ្នោតមិនបានការ មាន២សន្លឹក និងអនុប្បវាទមាន ២សន្លឹក។
គិតមកដល់ឆ្នាំ២០២៣នេះ ក្លឹបអ្នកកាសែតកម្ពុជា (ក.អ.ក) មានអាយុ២៣ឆ្នាំហើយ បន្ទាប់ពីបង្កើតឡើងនៅឆ្នាំ២០០០ ដែលសមាជិកត្រឹមតែ៣០រូបប៉ុណ្ណោះ។ បច្ចុប្បន្ន ក្លឹបអ្នកកាសែតកម្ពុជា មានសមាជិក៥១៥រូប មកពី១៥៧ សា្ថប័នសារព័ត៌មាននានា។ ការបោះឆ្នោតជ្រើសរើសប្រធានក្លឹប និងគណៈកម្មាធិការនាយក នៃក្លឹបអ្នកការសែតកម្ពុជា តែងធ្វើឡើងរៀងរាល់៣ឆ្នាំម្តង៕