ចំនួនស្ត្រីជាម្ចាស់អាជីវកម្មនៅកម្ពុជា មានអត្រាខ្ពស់ជាងគេក្នុងតំបន់

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកិច្ចការនារី បានលើកឡើងថា ក្នុងវិស័យសេដ្ឋកិច្ចនៅកម្ពុជា ស្ត្រីបានក្លាយជាកម្លាំងចលករដែលបានរួមចំណែកជំរុញកំណើនសេដ្ឋកិច្ច ជាតិ និងការអភិវឌ្ឍសង្គម។ នេះបើយោងតាមលោកស្រី អ៉ឹង កន្ថាផាវី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២២ របស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្រ្តី ដែលមានវត្តមានស្ត្រីជាតំណាងមកពីបណ្តាស្ថាប័ន អង្គភាពសរុបជាង៦០០នាក់កាលពីថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមលោកស្រី កម្លាំងពលកម្មស្រ្តីមានប្រមាណ ៨៤ % ហើយស្រ្តីប្រមាណ ៦១% ជាម្ចាស់អាជីកម្ម ឬ អ្នកធ្វើធុរកិច្ច ដែលជាអត្រាខ្ពស់ក្នុងតំបន់។ នៅឆ្នាំ២០២២ ស្ត្រីជាម្ចាស់ក្រុមហ៊ុន មានកើនឡើងចន្លោះពី ២០%ទៅ ២២% និងស្ត្រីជាម្ចាស់សហគ្រាសកើនពីចន្លោះពី ៣០% ទៅ ៣២%។

ទោះជាយ៉ាងណា លោកស្រី អ៉ឹង កន្ថាផាវី បញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលសម្រេចបាននេះ នៅមានបញ្ហាប្រឈម និងកង្វល់មួយចំនួនដែលត្រូវបន្តរួមគ្នាដោះស្រាយ តាមរយះយន្តការបញ្ជ្រាបយេនឌ័រនៅថ្នាក់ជាតិ និងក្រោមជាតិ កិច្ចការពារសិទ្ធិស្ត្រី តម្រូវឱ្យមានការអភិវឌ្ឍធនធានមនុស្ស និងការធ្វើទំនើបកម្មស្ថាប័ន ពង្រីកវិសាល ភាពការងារ ដើម្បីឆ្លើយតបទៅការវិវត្តន៍ថ្មីៗ និងបញ្ហារបស់ស្ត្រី និងក្មេងស្រី មានជាអាទិ៍ បទពិសោធន៍ ចំណេះដឹង ជំនាញ ទីផ្សារការងារ និងមុខរបរ និងសុវត្ថិភាពពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថលដើម។ 

ជាមួយគ្នានោះ លោកស្រីបានបញ្ជាក់បន្ថែមថា ឆ្នាំ២០២២ មន្ត្រីរាជការស្ត្រី មានចំនួន ៦៨២២ នាក់ នៃមន្ត្រីរាជការសរុប ២៨៥៤២នាក់ បានទទួលការពង្រឹងសមត្ថភាពលើចំណេះដឹង និងជំនាញផ្សេងៗ ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។

ទន្ទឹមនឹងនោះដែរ លោកស្រីក៏បានគូសបញ្ជាក់អំពីការយកចិត្តទុករបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់អាទិភាពខ្ពស់ក្នុងការជំរុញ និងលើកកម្ពស់សមភាពយេនឌ័រ និងស្ថានភាពស្រ្តីលើគ្រប់វិស័យ និងគ្រប់កម្រិត ក្នុងការអនុវត្តច្បាប់ គោលនយោបាយ និងវិធានការនានា តាមរយៈយន្តការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ជាពិសេស សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងទាំងស្មារតី និងថវិកាដល់ដំណើរការសកម្មភាពរបស់ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ឱ្យសម្រេចបាននូវវឌ្ឍនភាពជាទីមោទនៈ ក្រោមសុខសន្តិភាពជាតិ៕