ក្រុមហ៊ុន BYD CAMBODIA បានបោះទុនប្រមាណ ៣២លានដុល្លារ ក្នុងដំណាក់កាលទី១ បង្កើតរោងចក្រដំឡើងយានយន្តនៅកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន BYD CAMBODIA CO., LTD. បានបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្តជាផ្លូវការ ក្នុងទុនប្រមាណ ៣២លានដុល្លារ សម្រាប់ដំណាក់កាលទី១ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នាថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥នេះ ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(ក.អ.ក.)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល វាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន BYD Cambodia សម្រាប់ការសម្រេចចិត្តក្នុងការបណ្តាក់ទុនវិនិយោគនៅកម្ពុជាលើវិស័យយានយន្តអគ្គិសនី បន្ទាប់ពីលោកបានដឹកនាំគណៈប្រតិភូ ក.អ.ក. ទៅគោះទ្វារវិនិយោគដោយផ្ទាល់ ដល់ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន BYD នៅទីក្រុងស៊ិនជិន ប្រទេសចិន កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

លោកក៏បានលើកឡើងពីការកើនឡើងនៃគម្រោងវិនិយោគ ក៏ដូចជាវត្តមានរបស់ក្រុមហ៊ុន BYD នៅកម្ពុជា ដែលបង្ហាញឱ្យឃើញពីការជឿទុកចិត្តរបស់វិនិយោគិនមកលើរាជរដ្ឋាភិបាលកម្ពុជា។

លោកក៏បានស្នើឱ្យក្រុមហ៊ុន ពិនិត្យលទ្ធភាពជំរុញឱ្យរោងចក្រដែលជាខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនមកវិនិយោគនៅកម្ពុជាបន្ថែមទៀតផងដែរ។

សូមបញ្ជាក់ថា រោងចក្រដំឡើងរថយន្តរបស់ក្រុមហ៊ុន BYD Cambodia ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BYD Auto Industry។ ក្រុមហ៊ុនគ្រោងនឹងបណ្ដាក់ទុនប្រមាណ ៣២លានដុល្លារអាម៉េរិក សម្រាប់ដំណាក់កាលទី១ លើការបង្កើតរោងចក្រផ្គុំដំឡើងយានយន្តប្រភេទ CKD នៅលើផ្ទៃដីប្រមាណ ១២ហិកតា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ សម្រាប់ដំឡើងរថយន្តអគ្គិសនីសុទ្ធ (EV) និងអគ្គិសនីលាយសាំង (PHEV) ជាមួយនឹងសមត្ថភាពដំឡើងរថយន្តប្រមាណ ១ម៉ឺនគ្រឿង ក្នុងមួយឆ្នាំៗ ទៅតាមដំណាក់កាល។

រោងចក្រដំឡើងរថយន្ត BYD Cambodiaនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅខែតុលា និងចាប់ផ្តើមដំណើការផលិតកម្មដំឡើងរថយន្តអគ្គិសនីជាលើកដំបូងនៅកម្ពុជា នាដើមខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខនេះ៕