លោក ហ៊ាន សាហ៊ីប ដឹកនាំក្រុមការងារពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យដោយឡែកស្តីពីការផ្តល់ទិដ្ឋាការពិសេសដល់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំក្រុមការងារ ដើម្បីពិភាក្សាលើការរៀបចំសេចក្តីព្រាងអនុក្រឹត្យដោយឡែកស្តីពីការផ្តល់ទិដ្ឋាការពិសេស ដល់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងមន្ត្រីជំនាញ ដែលជាសមាជិកក្រុមការងារ តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អនុក្រឹត្យដោយឡែកស្តីពីការផ្តល់ទិដ្ឋាការពិសេសនេះ មានគោលបំណងទាក់ទាញ និងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ក្នុងឆ្នាំ ២០២៤ តាមរយៈការផ្តល់ទិដ្ឋាការពិសេសដល់វិនិយោគិន និងធុរជនក្នុងខេត្តព្រះសីហនុ សម្រាប់ការទិញ ឬ ជួលអចលនទ្រព្យរយៈពេលវែង ដែលមានតម្លៃលើសពីទំហំជាក់លាក់ណាមួយ ។

ក្នុងឱកាសនោះ លោក ហ៊ាន​ សាហ៊ីប បានលើកឡើងថា ការរៀបចំអនុក្រឹត្យស្តីពីការផ្តល់ទិដ្ឋាការពិសេសនេះ គឺជាការអនុវត្តវិធានការគន្លឹះមួយ ក្នុងចំណោមវិធានការដទៃទៀត ដូចមានចែងក្នុងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ ២០២៤ ។ អនុក្រឹត្យនេះ នឹងកំណត់គោលការណ៍, បែបបទ និង នីតិវិធីនៃការផ្តល់ទិដ្ឋាការពិសេស និង មានវិសាលភាពអនុវត្តចំពោះវិនិយោគិន ធុរជន និងភ្ញៀវទេសចរជាជនបរទេស ដែលមកវិនិយោគ ធ្វើធុរកិច្ចនៅខេត្តព្រះសីហនុ និង/ឬ ស្នាក់នៅកម្ពុជា ដោយអនុលោមតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ។ អនុក្រឹត្យនេះ នឹងផ្តោតការយកចិត្តទុកដាក់ជាពិសេសលើការសម្រួលនីតិវិធី ការបន្ថែមរយៈពេលសុពលភាពទិដ្ឋាការ និងរយៈពេលស្នាក់នៅ និងការយកកម្រៃទិដ្ឋាការ ។

បន្ទាប់ពីការពិភាក្សាគ្នាយ៉ាងផុលផុស អង្គប្រជុំក៏បានបានឯកភាពជាគោលការណ៍ លើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យដោយឡែកស្តីពីការផ្តល់ទិដ្ឋាការពិសេសនេះផងដែរ។

សូមជម្រាបជូនថា យោងតាមកម្មវិធីពិសេស ក្រុមការងារមានភារកិច្ចដឹកនាំ សម្របសម្រួល និងអនុវត្តកម្មវិធីពិសេសនេះ ដោយដើរតួនាទីជា ច្រកចេញចូលតែមួយ ដែលមានសិទ្ធិពិនិត្យ សម្រេច និងផ្តល់លិខិតអនុញ្ញាត ឬអាជ្ញាបណ្ណនានា ជាកញ្ចប់ទៅលើគម្រោងវិនិយោគ និងសកម្មភាពធុរកិច្ច ដែលរួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពុំពាក់ព័ន្ធនឹងអគារជាប់គាំង ដែលអាចដំណើរការក្នុងឆ្នាំ ២០២៤ និង ការពង្រីកគម្រោងដែលមានស្រាប់ ។ រាល់គម្រោងវិនិយោគ និងសកម្មភាពធុរកិច្ច ដែលស្ថិតនៅក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះ ត្រូវដាក់ស្នើមកក្រុមការងារនេះ ដើម្បីក្រុមការងារពិនិត្យ, វាយតម្លៃ និងផ្តល់ការអនុម័ត ។

ក្នុងស្មារតីនេះ ធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវអត្ថប្រយោជន៍ពិសេស សូមដាក់ពាក្យ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីក្រុមការងារពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័ត នៅការិយាល័យក្រុមការងារ ដែលមានអាសយដ្ឋាន ផ្លូវជាតិលេខ ៤ ភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ឬ នៅអគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច ជាន់ទី២១ សង្កាត់/ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ និងតាមរយៈលេខទូរស័ព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨, និង ០១៦ ៣២១ ០១០៕