កម្ពុជា មានអង្គភាពសេដ្ឋកិច្ចជាង៧៥ម៉ឺននៅទូទាំងប្រទេស ផ្តល់ការងារប្រមាណ ៣ លានកន្លែង

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣,៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ដឹកនាំដោយ លោក ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាថ្ងៃទី១០ ខែកុម្ភៈនេះបានឱ្យដឹងថា យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣,៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាសនិងអ្នកប្រកបមុខរបរ អាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង៦លាននាក់។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា លោក ហែម វណ្ណឌី បានលើកឡើងថា “សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និង​ទីផ្សារពិភពលោក ប៉ុន្តែពួកគេត្រូវការយន្តការគាំទ្រថ្នាក់ជាតិ ដើម្បីជំរុញផលិតភាព និងសមត្ថភាពប្រកួតប្រជែងបន្ថែមទៀត។”

ជាផ្នែកមួយនៃការគាំទ្រជាក់ស្តែងសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានដាក់ឱ្យដំណើរការគំនិតផ្តួចផ្តើមថ្មីមួយ ដោយបញ្ចូលសេវាធ្វើតេស្តវិភាគផលិតផលរបស់មន្ទីរពិសោធន៍ជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ទៅក្នុងប្រព័ន្ធសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច (E-Services for Business) របស់រាជរដ្ឋាភិបាល ដោយកាត់បន្ថយការប្រើប្រាស់លទ្ធផលតេស្តជាក្រដាស៕