ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សចិន Jetour Auto បានប្រកាសពីការលក់រថយន្តសរុបរបស់ខ្លួនបានរហូតដល់ ២ លានគ្រឿង នៅទូទាំងពិភពលោក ពោលគឺចាប់តាំងពីចូលប្រឡូកក្នុងទីផ្សារជាលើកដំបូងនៅក្នុងឆ្នាំ២០១៨ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Daily Tribune ។

ម៉ាកយីហោលំដាប់កំពូលរបស់ចិនមួយនេះ បានចាប់ផ្តើមជាមួយនឹងការបញ្ចេញរថយន្តដំបូងរបស់ខ្លួន ម៉ូដែល Jetour X70 នៅក្នុងខែសីហា ឆ្នាំ២០១៨។ ក្រោយការប្រកាសចេញ ការលក់ប្រចាំខែ បានកើនឡើងលើសពី ១០ ០០០ គ្រឿង គិតនៅត្រឹមចុងឆ្នាំនោះ។
យ៉ាងណាមិញ កំណើននៃការលក់របស់ក្រុមហ៊ុន Jetour បានហក់ឡើងយ៉ាងខ្លាំង នៅឆ្នាំបន្តបន្ទាប់ ដោយគិតនៅត្រឹមឆ្នាំ២០២៤ ការលក់រថយន្តសរុបរបស់ក្រុមហ៊ុន បានកើនឡើងលើស ១ លានគ្រឿងជាលើកដំបូង។ ហើយគិតនៅត្រឹមចុងឆ្នាំ២០២៥ ការលក់របស់ក្រុមហ៊ុនបានកើនឡើងដល់ ២ លានគ្រឿង។
ជុំវិញការកើនឡើងនេះ ដោយសារតែក្រុមហ៊ុន Jetour បានធ្វើតាមយុទ្ធសាស្ត្រ Travel+ របស់ខ្លួន ដែលផ្តោតលើរថយន្តប្រភេទ SUV ដែលត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃ និងការបើកបរបែប Off-Road កម្រិតស្រាល។ បច្ចុប្បន្ន ម៉ាកយីហោនេះដំណើរការនៅក្នុងប្រទេស និងតំបន់ចំនួន ៩១ ជាមួយនឹងហាងលក់ និងផ្តល់សេវាកម្មជាង ២ ០០០ កន្លែងនៅទូទាំងពិភពលោក។
ជម្រាបជូនថា នៅក្នុងប្រទេសចិន Jetour នាំមុខគេក្នុងផ្នែករថយន្ត SUV បែប Off-Road កម្រិតស្រាល ខណៈនៅមជ្ឈិមបូព៌ា ដោយក្នុងនោះរួមទាំងអារ៉ាប៊ីសាអូឌីត អារ៉ាប់រួម និងកាតា ម៉ាកយីហោនេះជាប់តំណែងកំពូលទាំងបី ដែលជារថយន្តលក់ដាច់ខ្លាំងបំផុត៕

