ក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៍គុយបា បានឯកភាពសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរមានភាពងាយស្រួល។

នេះបើតាមជំនួបពិភាក្សាការងារ រវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជាមួយ លោក Adalberto Venero Lemus អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា ក្នុងឱកាសបំពេញទស្សនកិច្ចការងាររយៈពេល២ថ្ងៃនៅកម្ពុជា កាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។
ក្នុងជំនួបនោះ លោក ហួត ហាក់ បានលើកឡើងពីទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា និងគុយបាតាំងពីឆ្នាំ១៩៦០ ដោយគិតត្រឹមឆ្នាំ២០២៦ នេះ គឺមានរយៈពេល៦៦ឆ្នាំ។ ទំនាក់ទំនងមិត្តភាពនេះ ត្រូវបានពង្រឹងពង្រីកពូនជ្រុំដោយថ្នាក់ដឹកនាំកំពូលរបស់ប្រទេសទាំងពីរជាបន្តបន្ទាប់ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសលើវិស័យទេសចរណ៍ដែលប្រទេសទំាងពីរសុទ្ធតែមានសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងភាពរួសរាយរាក់ទាក់ បដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជននៃប្រទេសទាំងពីរ។
ជាមួយគ្នានោះ អនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៃសាធារណរដ្ឋគុយបា ក៏បានបញ្ជាក់ពីចំណាប់អារម្មណ៍លើការអភិវឌ្ឍលើគ្រប់វិស័យនៃប្រទេសកម្ពុជាក្នុងកំឡុងពេលទស្សនកិច្ចការងាររយៈពេល២ថ្ងៃកន្លងមក និងសូមថ្លែងអំណរគុណដល់ក្រសួងទេសចរណ៍ដែលបានជួយសម្របសម្រួលឱ្យមានជំនួបជាមួយសមាគមទេសចរណ៍កម្ពុជា ធំៗ ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍គុយបា។

លោកក៏បានប្រាប់ពីគោលបំណងចម្បងៗ នៃទស្សនកិច្ចការងារនៅកម្ពុជានាពេលនេះ រួមមានសំណើចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) លើកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍នៃប្រទេសទាំងពីរ ដែលគ្រោងនឹងធ្វើឡើងក្នុងព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនៃប្រទេសគុយបានាពេលខាងមុខ និងការរៀបចំ FAM Trip ទៅវិញមករវាងប្រទេសទាំងពីរ ដើម្បីសហការជម្រុញវិស័យទេសចរណ៍ ពិពិធកម្មសេដ្ឋកិច្ច និងទីផ្សារទេសចរណ៍ ស្របពេលដែលការធ្វើដំណើរទៅមករវាងប្រទេសទាំងពីរមានភាពងាយស្រួលតាមរយៈជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍តួកគី (Turkish Airlines) ពីរាជធានីភ្នំពេញ និងរដ្ឋធានីឡាហាវ៉ាណា ដោយឆ្លងកាត់តាមទីក្រុងអ៊ីស្តាន់ប៊ុល នៃសាធារណរដ្ឋតួកគីយ៉េ៕


