អ្នកឧកញ៉ា ម៉ុង ឫទ្ធី សមាជិកព្រឹទ្ធសភា និងជាអគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប នៅព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៦នេះ បានអញ្ជើញដឹកនាំសមាជិក សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀនឃុំ សង្កាត់ និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំការិយាល័យរោងចក្រផលិតចំណីសត្វ M’s PIG ស្ថិតក្នុងភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពី គណៈកម្មការទី១ព្រឹទ្ធសភា, គណៈកម្មការទី៣ព្រឹទ្ធសភា, ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧, ថ្នាក់ដឹកនាំខេត្ត ក្រុង ស្រុក, ក្រុមប្រឹក្សាឃុំ សង្កាត់, ស្មៀនឃុំ សង្កាត់, នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ និងមន្ត្រីអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សរុបចំនួន ១៥០នាក់។
អ្នកឧកញ៉ា ម៉ុង ឫទ្ធី បានគូសបញ្ជាក់នៅលើទំព័រហ្វេសប៊ុកថា មុននឹងចាប់ផ្តើមកម្មវិធី លោកបានដឹកនាំសមាជិក សមាជិកានៃអង្គពិធីអញ្ជើញពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រកំពុងស្ថាបនាផ្លូវក្រាលកៅស៊ូមួយខ្សែ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅផ្លូវអន្លង់ក្រពើមានប្រវែង ១,៩៧១ម៉ែត្រ ទទឹង ៦.៤ម៉ែត្រ និងចុះទស្សនកិច្ចខ្សែសង្វាក់ផលិតកម្មរោងចក្រផលិតចំណីសត្វ ដែលមានកម្លាំងផលិត ៥០តោនក្នុងមួយម៉ោងផងដែរ។
សូមជម្រាបថា អ្នកឧកញ៉ា ម៉ុង ឫទ្ធី ធ្លាប់បានឱ្យដឹងថា រោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន អិម ភីក អេស៊ីអិមស៊ី ខេមបូឌា (M’s PIG ACMC Cambodia) ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ដែលមានកម្លាំងផលិតជាមធ្យមជាង ៣០,០០០តោនក្នុងមួយខែ។ សម្រាប់ថ្ងៃអនាគត អ្នកឧកញ៉ា ក៏មានផែនការបង្កើនសមត្ថភាពរោងចក្រនេះ ឱ្យខ្លាំងជាងមុន ដើម្បីអាចផ្គត់ផ្គង់លើទីផ្សារកម្ពុជាទាំងមូលបាន៕











