ខេត្តមណ្ឌលគិរី ដែលជាខេត្តមួយស្ថិតនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា នឹងមាននឹងមានស្ថានីយផលិតថាមពលអគ្គិសនីដើរខ្យល់ តម្លៃវិនិយោគ ២០០ លានដុល្លារនាពេលខាងមុខ ខណៈបច្ចុប្បន្នគម្រោងនេះ ត្រូវបានរដ្ឋាភីបាលសម្រេចអនុម័តរួចរាល់ហើយ។

យោងតាមសេចក្តីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១០ ខែគុម្ភៈ ឆ្នាំ២០២៦ បានឱ្យដឹងថា នៅខែមករា ឆ្នាំ ២០២៦ បានអនុម័តគម្រោងអភិវឌ្ឍស្ថានីយផលិតថាមពលអគ្គិសនីដើរខ្យល់ ដែលមានអានុភាព ១៥០ មេហ្កាវ៉ាត់ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ក្នុងទំហំទុនវិនិយោគ ២០០ លានដុល្លារ និងអាចបង្កើតការងារបាន ៤២ កន្លែង។
សូមរម្លឹកដែរថា ក្នុងខែមករា ឆ្នាំ២០២៦ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេច ចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៤៣គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ៧៥២លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៦ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៣៥គម្រោង និងគម្រោង វិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ៨គម្រោង៕ អត្ថបទ៖ ហ្សាលីន

