រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងអនុរដ្ឋលេខាធិការក្រសួងការបរទេសនៃសាធារណរដ្ឋអាមេនី បានប្រកាសប្ដេជ្ញាចិត្ដពង្រឹងទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួនលើវិស័យសក្ដានុពលចំនួន៥។

យោងតាមសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រសួងការបរទេសបានឱ្យដឹងថា លោក មាស គឹមហេង រដ្ឋលេខាធិការនៃក្រសួងការបរទេសកម្ពុជា និងលោក Mnatsakan Safaryan អនុរដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋអាមេនី បានអញ្ជើញធ្វើជាសហប្រធាននៃកិច្ចពិគ្រោះ យោបល់នយោបាយលើកទី២ ប្រកបដោយភាពជោគជ័យ ដោយភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការនយោបាយ និងសេដ្ឋកិច្ច។
បន្ថែមពីនោះ ភាគីទាំងពីរក៏បានពិភាក្សាយ៉ាងស៊ីជម្រៅលើការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរបស់ខ្លួន។ កិច្ចពិភាក្សានេះបានគ្របដណ្ដប់លើកិច្ចសហការក្នុងវិស័យសក្តានុពលជាច្រើន រួមមានវិស័យពាណិជ្ជកម្ម និងការវិនិយោគ កសិកម្ម និងកសិ-ឧស្សាហកម្ម អប់រំ ឌីជីថូបនីយកម្ម និងទេសចរណ៍។
ភាគីទាំងពីរបានឯកភាពស្វែងរកកាលានុវត្តភាពនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិ រួមមាន អាស៊ាន សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ី (EAEU) និងអង្គការសហប្រជាជាតិជាដើម។ ក្នុងន័យនេះ កម្ពុជារង់ចាំស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់នៃសាធារណរដ្ឋអាមេនី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅក្នុងខែវិច្ឆិកាឆ្នាំ២០២៦។
ភាគីទាំងពីរក៏បានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាកង្វល់រួម រួមទាំងបច្ចុប្បន្នភាពលើស្ថានភាពព្រំដែនកម្ពុជា-ថៃ និងបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ទាំងនៅក្នុងតំបន់ និងលើសកលលោក ក៏ដូចជាការប្រកាន់ខ្ជាប់នូវសណ្តាប់ធ្នាប់ អន្តរជាតិដែលផ្អែកលើច្បាប់៕



