យោងតាមវិទ្យាស្ថានស្រាវជ្រាវអាល្លឺម៉ង់មួយ បានបង្ហាញឲ្យដឹងថា ជំនួយរបស់សហរដ្ឋអាមេរិកដែលផ្ដល់ជូនអ៊ុយក្រែនក្នុងឆ្នាំ២០២៥ បានថយចុះប្រហែល ៩៩% បើប្រៀបធៀបទៅនឹងមធ្យមភាគសម្រាប់ឆ្នាំ ២០២២-២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Kyiv Independent ។

របាយការណ៍មួយដែលបានចេញផ្សាយនៅថ្ងៃទី១១ ខែកុម្ភៈ ដោយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចពិភពលោក Kiel ដែលមានមូលដ្ឋាននៅប្រទេសអាល្លឺម៉ង់ បង្ហាញថា ជំនួយយោធាពីបណ្តាប្រទេសនៅអឺរ៉ុប ដល់អ៊ុយក្រែនបានកើនឡើង ៦៧% ក្នុងឆ្នាំ២០២៥ បើប្រៀបធៀបទៅនឹងមធ្យមភាគប្រចាំឆ្នាំក្នុងអំឡុងពេល ២០២២-២០២៤ ខណៈពេលដែលជំនួយហិរញ្ញវត្ថុ និងមនុស្សធម៌ក៏បានកើនឡើង ៥៩% ផងដែរ។
ទន្ទឹមនឹងនេះ ជំនួយសរុបរបស់សហរដ្ឋអាមេរិកដល់អ៊ុយក្រែនក្នុងអំឡុងពេលដូចគ្នានោះ រួមទាំងជំនួយយោធា ហិរញ្ញវត្ថុ និងមនុស្សធម៌ បានថយចុះអស់ ៩៩%។
គួរឲ្យដឹងថា ជំនួយយោធារបស់សហរដ្ឋអាមេរិក ដល់អ៊ុយក្រែនបានធ្លាក់ចុះយ៉ាងខ្លាំង ពោលគឺចាប់តាំងពីលោក ដូណាល់ ត្រាំ ត្រលប់មកកាន់អំណាចវិញ នៅក្នុងខែមករា ឆ្នាំ២០២៥។ រដ្ឋបាលរបស់លោក ត្រាំ បានលក់អាវុធឲ្យសម្ព័ន្ធណាតូ ហើយបន្ទាប់មកត្រូវបានផ្ទេរទៅឲ្យអ៊ុយក្រែនបន្ត។
ជម្រាបជូនថា អឺរ៉ុបខាងលិចគឺជាតំបន់ដែលផ្តល់ជំនួយយោធាច្រើនបំផុតដល់អ៊ុយក្រែនក្នុងឆ្នាំ២០២៥ និងបន្ទាប់មកគឺអឺរ៉ុបខាងជើង។ នៅក្នុងតំបន់នោះ ចក្រភពអង់គ្លេស និងអាល្លឺម៉ង់ បានរួមចំណែកពីរភាគបីនៃជំនួយយោធាសរុបមកពីអឺរ៉ុបខាងលិច ចន្លោះឆ្នាំ២០២២ ដល់ឆ្នាំ២០២៥៕

