ក.ប.ប ប្រាប់អាជីវករដែលបានដាក់លក់ផលិតផលដែលមានបំពាក់ម៉ាក ឬរូបសញ្ញាដូចសញ្ញាជាតិ ឬព្រះរាជសង្ហារនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបញ្ឈប់ជាបន្ទាន់

សង្គម​ និង​សេដ្ឋកិច្ច

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ តាមរយៈការអនុវត្ត សកម្មភាពចុះអង្កេតទីផ្សាររបស់ខ្លួន និងដោយទទួលបានសេចក្តីរាយការណ៍ពីសាធារណជនដែលជាអ្នកប្រើប្រាស់ មន្ត្រីស៊ើបអង្កេតនៃអគ្គនាយកដ្ឋាន ក.ប.ប. បានរកឃើញថា មានអាជីវករមួយចំនួនបានដាក់តាំងលក់នូវផលិតផល ដែលមានបំពាក់ម៉ាក ឬរូបសញ្ញា ដែលដូចគ្នានិង/ឬត្រាប់តាម ឬមានចំណុចណាមួយដូចសញ្ញាជាតិ ឬព្រះរាជសង្ហារ នៃព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម បានបន្តថាជាមួយគ្នានេះបុគ្គលប្រព្រឹត្តល្មើស ត្រូវទទួលទណ្ឌកម្ម និងការពិន័យយ៉ាងធ្ងន់ធ្ងរ ស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ និងការប្រកួតប្រជែង «ក.ប.ប. នាថ្ងៃទី១៣ ខែកុម្ភៈនេះបានបញ្ជាក់ថា ក្នុងគោលបំណង ដើម្បីលើកកម្ពស់តម្លៃនៃសញ្ញាជាតិ ទង់ជាតិ និងនិមិត្តរូបជាតិដែលការពារដោយច្បាប់ ធានានូវការការពារអ្នកប្រើប្រាស់និងការប្រកួតប្រជែងដោយស្មោះត្រង់នៅលើទីផ្សារ ព្រមទាំងអនុលោមភាពនៃការ ប្រើប្រាស់ម៉ាកសញ្ញាសម្រាប់បំពាក់លើផលិតផល អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំ ដូចខាងក្រោម៖

ចំពោះពាណិជ្ជករ អាជីវករជាអ្នកលក់ ចែកចាយបន្ត ត្រូវបញ្ឈប់ការលក់ ចែកចាយ ព្រមទាំងរក្សាទុកជា បណ្តោះអាសន្ន នូវផលិតផលដែលមានបំពាក់ម៉ាកបរូបសញ្ញាខាងលើ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីអនុវត្តនីតិវិធីអង្កេតដានស្វែងរកប្រភពផលិត នាំចូល ចែកចាយនូវផលិតផលទាំងនោះ។

ចំពោះពាណិជ្ជករ អាជីវករជាអ្នកនាំចូល លក់ និងចែកចាយ ត្រូវបញ្ឈប់ការនាំចូល លក់ ចែកចាយនូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញាខាងលើជាបន្ទាន់ និងត្រូវសហការជាមួយអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ក្នុងការអនុវត្តនីតិវីធីបន្តស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ចំពោះអ្នកប្រើប្រាស់ និងសាធារណជន៖ សូមជៀសវាងការទិញ នូវផលិតផលដែលមានបំពាក់ម៉ាកឬរូបសញ្ញា ខាងលើ ព្រមទាំងផ្តល់ព័ត៌មានមកអគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម ដើម្បីមានចំណាត់ការតាមនីតិវិធី៕