នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២៦ នៅសណ្ឋាគារសាំងគ្រីឡា ភ្នំពេញ អ្នកឧកញ៉ា សៀ ឬទ្ធី អនុប្រធានទទួលបន្ទុកកិច្ចការប្រចាំខែកុម្ភៈរបស់សមាគម និងជាប្រធានគណៈកម្មការទំនាក់ទំនងសាធារណៈ អន្តរជាតិ និងទេសចរណ៍ បានដឹកនាំ និងធ្វើជាវាគ្មិនកិត្តិយសក្នុងកិច្ចពិភាក្សាធុរកិច្ចពេលព្រឹកស្ដីពី «សេដ្ឋកិច្ច និងទីផ្សារកម្ពុជា» ដោយមានការចូលរួមពីសមាជិកសមាគមឧកញ៉ាកម្ពុជាចំនួន ១៩រូប។

កិច្ចពិភាក្សាធុរកិច្ចនេះត្រូវបានរៀបចំឡើងជាលើកទី២ នៅក្នុងខែកម្ភៈនេះ ដោយការពិភាក្សាផ្តោតសំខាន់លើការធ្វើបច្ចុប្បន្នភាពព័ត៌មានអំពីស្ថានភាពសេដ្ឋកិច្ច បរិយាកាសវិនិយោគ និងទីផ្សារនៅកម្ពុជា ក្នុងវិស័យអាទិភាពនានា ជាពិសេសវិស័យដែលកំពុងទទួលរងផលប៉ះពាល់ពីស្ថានភាពសេដ្ឋកិច្ចសកល។
ជាកិច្ចចាប់ផ្ដើម សមាជិកនីមួយៗបានចែករំលែកអំពីបញ្ហាប្រឈម ដែលខ្លួនបាននិងកំពុងជួបប្រទះក្នុងវិស័យដែលខ្លួនកំពុងវិនិយោគ រួមមាន វិស័យសំណង់ និងអចលនទ្រព្យ, កសិ-ផលិតផល, ផលិតកម្មក្នុងស្រុក, ទេសចរណ៍, អប់រំ ជាដើម។ បន្ទាប់ពីបានចែករំលែកបញ្ហាប្រឈមរួច សមាជិកអង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់គ្នា និងចែករំលែកបទពិសោធទៅវិញទៅមក ព្រមទាំងទស្សនាទានល្អៗដែលជាគន្លឹះដ៏សំខាន់ក្នុងការពង្រឹងអាជីវកម្មរបស់ខ្លួន និងការចាប់យកឱកាសក្នុងការបង្កើត និងបង្កើនកិច្ចសហប្រតិបត្តិការជាមួយបណ្តាដៃគូវិនិយោគិននានា តាមរយៈការជំរុញ និងការទាក់ទាញទុនវិនិយោគពីក្រៅស្រុកមកក្នុងស្រុក។
ក្នុងនាមជាប្រធាននៃកិច្ចពិភាក្សា អ្នកឧកញ៉ា សៀ ឬទ្ធី ក៏បានផ្ដល់ជាអនុសាសន៍ និងចែករំលែកមេរៀនជាបទពិសោធផ្ទាល់ខ្លួនដល់សមាជិកឱ្យមានភាពបត់បែន និងចេះកែច្នៃធុរកិច្ចដែលកំពុងមានបញ្ហាប្រឈមទៅជាឱកាស តួយ៉ាងវិស័យសំណង់ និងអចលនទ្រព្យ ដែលទាមទារឱ្យមានការធ្វើពិពិធកម្មស្របទៅតាមតម្រូវការទីផ្សាររបស់អតិថិជនជាគោលដៅ និងការប្រកួតប្រជែងនាពេលបច្ចុប្បន្ន ខណៈដែលវិស័យមួយចំនួនទៀតក៏ត្រូវផ្លាស់ប្តូរ និងបត់បែនទៅតាមបរិបទសេដ្ឋកិច្ច និងត្រូវស្វែងរកកិច្ចសហការជាមួយវិនិយោគិនទាំងក្នុង និងក្រៅប្រទេស ដើម្បីវិនិយោគលើវិស័យជាអាទិភាពសំដៅបង្កើតការងារ និងជំរុញសេដ្ឋកិច្ចជាតិផងដែរ។
កិច្ចពិភាក្សាបានប្រព្រឹត្តទៅប្រកបដោយភាពរលូនជាមួយលទ្ធផលវិជ្ជមាន ដោយសមាជិកអង្គប្រជុំបានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងផុសផុល និងបានស្នើសុំឱ្យបង្កើនថិរវេលាបន្ថែមទៀតសម្រាប់កិច្ចពិភាក្សាលើកក្រោយ ដើម្បីឱ្យវាគ្មិន ក៏ដូចជា អ្នកចូលរួមកាន់តែទទួលបានព័ត៌មាន ទស្សនាទានល្អៗ និងការចែករំលែកបទពិសោធកាន់តែច្រើនថែមទៀត៕







