មន្រ្តីជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាជាមួយ តំណាងសាកលវិទ្យាល័យ King Abdullah University of Science and Technology (KAUST)រួមគ្នាលើកកម្ពស់និងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតនៅកម្ពុជាឱ្យកាន់តែប្រសើរឡើង។

ការជួបពិភាក្សាធ្វើឡើងក្នុងឱកាសលោកស្រី ជា រដ្ឋា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី៖ AI for Impact: Training Leaders in LDCs សម្រាប់មន្ត្រីជាន់ខ្ពស់មកពីប្រទេសអភិវឌ្ឍន៍តិចតួច និងតំបន់អាស៊ីនិងអាហ្វ្រិក ដើម្បីស្វែងយល់អំពីមូលដ្ឋានគ្រឹះនិងសារៈប្រយោជន៍នៃការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ព្រមទាំងក្របខ័ណ្ឌគតិយុត្តិ និងគោលនយោបាយសម្រាប់អភិបាលកិច្ចបញ្ញាសិប្បនិម្មិត (AI) នៅប្រទេសអារ៉ាប៊ីសាអូឌីត កាលថ្ងៃទី៩-១២ ខែកុម្ភៈ ឆ្នាំ២០២៦។
ឆ្លៀតក្នុងឱកាសនៃការចូលរួមក្នុងវគ្គបណ្តុះបណ្តាលជាន់ខ្ពស់នេះ លោកស្រី រដ្ឋលេខាធិការ ក៏បានជួបពិភាក្សាការងារជាមួយ លោក Deodat Maharaj នាយកគ្រប់គ្រងធនាគារបច្ចេកវិទ្យានៃអង្គការសហប្រជាជាតិ (United Nations Technology Bank for LDCs) និង លោក Sultan Albarakati តំណាងសាកលវិទ្យាល័យ King Abdullah University of Science and Technology (KAUST) ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងគំនិតផ្តួចផ្តើមនានាសំដៅលើកកម្ពស់និងជំរុញការអភិវឌ្ឍវិស័យពាណិជ្ជកម្មឌីជីថល និងបញ្ញាសិប្បនិម្មិតនៅកម្ពុជា។

សូមជម្រាបដែរថា ក្រសួងពាណិជ្ជកម្មធ្លាប់បានបញ្ជាក់ថា រដ្ឋាភិបាលបានដាក់ចេញនូវក្របខ័ណ្ឌសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ និងគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពសង្គម និងសេដ្ឋកិច្ច។
ការអភិវឌ្ឍន៍អាជីវកម្មឌីជីថលគឺជាសសរស្តម្ភមួយក្នុងការកសាងសេដ្ឋកិច្ចឌីជីថល និងក្របខណ្ឌគោលនយោបាយសង្គមនៃប្រទេសកម្ពុជាឆ្នាំ២០២១-២០៣៥ ដែលផ្តោតលើការជួយដល់ប្រព័ន្ធអេកូឡូស៊ីសហគ្រិន និងធុរកិច្ចថ្មី តាមរយៈការពង្រឹងភាពជាសហគ្រិន និងលើកកម្ពស់ធុរកិច្ចថ្មី ទាក់ទងនឹងសមត្ថភាព និងធនធានហិរញ្ញវត្ថុ៕ អត្ថបទ៖ ហ្សាលីន

