នារសៀលថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២៦ អ្នកឧកញ៉ា ម៉ម វណ្ណឌី អនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា តំណាងឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានដឹកនាំក្រុមការងារសមាគម និងតំណាងក្រុមហ៊ុនឯកជន ចុះជួប និងពិនិត្យមើលដីគ្រួសារអតីតយុទ្ធជន និងនិវត្តជន ៥គ្រួសារ សម្រាប់សាងសង់ទ្រុង និងដាំដំណាំ ចិញ្ចឹមជ្រូកកណ្តុរ ស្ថិតនៅភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានឱ្យដឹងថា ក្នុងឱកាសនោះ អ្នកឧកញ៉ា ម៉ម វណ្ណឌី បានលើកឡើងថា ជំហានដំបូងនេះសមាគមបានជ្រើសរើសអតីតយុទ្ធជន និងនិវត្តជន ចំនួន ៥គ្រួសារ ដែលមានដាំដំណាំចំណីជ្រូកស្រាប់ មានផ្ទៃដីសម្រាប់ធ្វើទ្រុងជ្រូក មានប្រព័ន្ធទឹក និងកម្លាំងពលកម្មអាចចិញ្ចឹមមើលថែជ្រូកបាន។ ការចិញ្ចឹមជ្រូកកណ្តុរនេះ បងប្អូនមិនត្រូវការចំណាយអ្វីទាំងអស់ ពោលគឺសមាគម បានសហការជាមួយក្រុមហ៊ុនឯកជន ដែលនឹងចុះមកជួយធ្វើទ្រុង បង្រៀនបច្ចេកទេសនៃការចិញ្ចឹម ផ្តល់ពូជជ្រូកចំនួន ២៤ក្បាល ក្នុងនោះមានញី ២០ក្បាល និងឈ្មោល ៤ក្បាល។
អ្នកឧកញ៉ា បានបញ្ជាក់ថា សមាគម ក្រុមហ៊ុន និងដៃគូសហការ សំណូមពរដល់បងប្អូន ពេលទទួលបានពូជជ្រូកយកទៅចិញ្ចឹមហើយ សូមព្យាយាមប្រឹងប្រែងចិញ្ចឹមតាមបច្ចេកទេស ដែលអ្នកជំនាញបានបង្រៀន និងខំប្រឹងដាំដំណាំជាចំណីជ្រូកឱ្យបានច្រើន។ សម្រាប់ទីផ្សារសូមបងប្អូនកុំព្រួយបារម្ភ ព្រោះសមាគមបានសហការជាមួយក្រុមហ៊ុនដៃគូ រង់ចាំទទួលទិញរួចជាស្រេច៕






