ក្រុមហ៊ុន Vietjet វៀតណាម ចុះកិច្ចព្រមព្រៀងតម្លៃជាង ៦ពាន់លានដុល្លារជាមួយក្រុមហ៊ុនដៃគូអាមេរិក

អន្តរជាតិ

ក្រុមហ៊ុនអាកាសចរណ៍ខ្នាតយក្សរបស់វៀតណាម Vietjet បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការមួយដែលមានតម្លៃជាង ៦,៣ពាន់លានដុល្លារជាមួយក្រុមហ៊ុនដៃគូអាមេរិក ដោយផ្តោតលើម៉ាស៊ីនយន្តហោះ សេវាថែទាំ និងហិរញ្ញប្បទានយន្តហោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីប្រគល់ឯកសារនេះត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៨ ខែកុម្ភៈ ដោយមានការចូលរួមពីលោក To Lam អគ្គលេខាធិការ និងតំណាងថ្នាក់ដឹកនាំវៀតណាម និងសហរដ្ឋអាមារិក ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន ដើម្បីចូលរួមកិច្ចប្រជុំបើកក្រុមប្រឹក្សាសន្តិភាពរបស់លោក ដូណាល់ ត្រាំ។

ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Pratt & Whitney ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន RTX Group ដែលជាក្រុមហ៊ុនផលិតម៉ាស៊ីនយន្តហោះឈានមុខគេនៅលើពិភពលោក របស់សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើកិច្ចសន្យាសម្រាប់ការផ្គត់ផ្គង់ម៉ាស៊ីន GTF និងកញ្ចប់សេវាកម្មថែទាំ សម្រាប់យន្តហោះ A321XLR ចំនួន ៤៤ គ្រឿងដែលមានតម្លៃសរុបប្រហែល ៥,៤ពាន់លានដុល្លារ។

យោងតាមកិច្ចព្រមព្រៀងនេះ Pratt & Whitney នឹងបំពាក់ម៉ាស៊ីនជំនាន់ក្រោយដល់យន្តហោះរបស់ Vietjet ដោយបង្កើនប្រសិទ្ធភាពប្រតិបត្តិការ កាត់បន្ថយថ្លៃដើមប្រតិបត្តិការ និងកាត់បន្ថយការបំភាយឧស្ម័ន ស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូរបៃតងរបស់ Vietjet។

មិនតែប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌនៃព្រឹត្តិការណ៍នេះ Vietjet ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានយន្តហោះជាមួយស្ថាប័នអន្តរជាតិ Griffin Global Asset Management ដោយផ្តល់ហិរញ្ញប្បទានសម្រាប់បញ្ជាទិញយន្តហោះ Boeing 737-8 ចំនួន ៦ គ្រឿង ដែលមានតម្លៃប្រហែល ៩៦៥លានដុល្លារ៕​