អ៊ីស្រាអែល ថាបានយកឈ្នះលើអ៊ីរ៉ង់ហើយ ប៉ុន្តែមិនទាន់សម្រេចគោលដៅធំរបស់ខ្លួននៅឡើយ

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Gideon Saar បានប្រកាសថាប្រទេសរបស់ខ្លួនបានយកឈ្នះសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់រួចរាល់ហើយ ប៉ុន្តែជម្លោះនេះនៅមិនទាន់ចប់នៅឡើយទេ ដោយសារតែគោលបំណងធំរបស់ខ្លួននៅមិនទាន់បានសម្រេច។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃទី១៧ ខែមីនា លោក Gideon Saar បាននិយាយថាគោលដៅធំរបស់ប្រទេសលោកនៅក្នុងជម្លោះជាមួយអ៊ីរ៉ង់គឺដើម្បីលុបបំបាត់ការគំរាមកំហែងដែលអាចកើតមានលើប្រទេសជាតិ ប៉ុន្តែមិនបានបញ្ជាក់ថាពេលណារដ្ឋាភិបាលអ៊ីស្រាអែលនឹងសម្រេចគោលដៅរបស់ខ្លួននោះឡើយ។

មិនតែប៉ុណ្ណោះ លោក Saar ក៏បានសង្កត់ធ្ងន់ទៀតថា បច្ចុប្បន្នអ៊ីស្រាអែល ត្រូវការការអត់ធ្មត់ខ្លាំង ខណៈដែលជម្លោះរវាងសហរដ្ឋអាមេរិក អ៊ីស្រាអែល និងអ៊ីរ៉ង់បានចូលដល់ថ្ងៃទី១៨ និងបានឆក់យកអាយុជីវិតមនុស្សជាង ២ ០០០ នាក់រួចទៅហើយ ដោយភាគច្រើននៅក្នុងប្រទេសអ៊ីរ៉ង់ និងលីបង់។

ជម្រាបជូនផងដែរថា កាលពីមុន លោក Saar និងមន្ត្រីអ៊ីស្រាអែលផ្សេងទៀតបាននិយាយថាគោលដៅចម្បងនៃសង្គ្រាមនេះ គឺដើម្បីធ្វើឲ្យសមត្ថភាពរបស់អ៊ីរ៉ង់ក្នុងការវាយប្រហារអ៊ីស្រាអែលចុះខ្សោយយ៉ាងខ្លាំងក្នុងរយៈពេលវែង និងបង្កើតលក្ខខណ្ឌនៅក្នុងអ៊ីរ៉ង់សម្រាប់ប្រជាជនដើម្បីផ្លាស់ប្តូររដ្ឋាភិបាលថ្មីផងដែរ៕​