ប្រទេសវៀតណាម បានផ្តល់ជូនអាជ្ញាប័ណ្ណជាផ្លូវការហើយ សម្រាប់ក្រុមហ៊ុន SpaceX របស់មហាសេដ្ឋី Elon Musk ដើម្បីដាក់ឲ្យដំណើរការសេវាកម្មអ៊ីនធើណិតតាមផ្កាយរណប Starlink ដោយអនុញ្ញាតឲ្យមានការតភ្ជាប់រហូតដល់ ៦០០ ០០០ នៅក្នុងដំណាក់កាលដំបូងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រសួងវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាបានផ្តល់អាជ្ញាប័ណ្ណទូរគមនាគមន៍ដល់ក្រុមហ៊ុន Starlink Service Vietnam ដែលអនុញ្ញាតឲ្យគ្របដណ្តប់ទាំងផ្កាយរណបថេរ និងចល័ត សម្រាប់ការផ្តល់សេវាកម្មអ៊ីនធើណិត នៅក្នុងប្រទេស។
យ៉ាងណាមិញ ជុំវិញការអនុម័តនេះអនុញ្ញាតឱ្យ Starlink សាងសង់ហេដ្ឋារចនាសម្ព័ន្ធបញ្ជូន និងទទួលព័ត៌មានស្របច្បាប់នៅក្នុងប្រទេសវៀតណាម ដោយមិនជ្រៀតជ្រែកជាមួយប្រព័ន្ធទំនាក់ទំនងឥតខ្សែដែលមានស្រាប់ផ្សេងទៀត។ នាយកដ្ឋានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្នុងស្រុកត្រូវបានជូនដំណឹងឱ្យសម្របសម្រួលការត្រួតពិនិត្យស្របតាមបទប្បញ្ញត្តិជាតិ។
ប៉ុន្តែទោះជាយ៉ាតណាក៏ដោយ ក្រុមហ៊ុន Starlink មិនទាន់បានប្រកាសពីកាលបរិច្ឆេទដាក់ឱ្យដំណើរការជាផ្លូវការ នៅឡើយនោះទេ។
ជម្រាបជូនថា Starlink គឺជាផ្នែកមួយនៃផែនការទូលំទូលាយរបស់ SpaceX ដើម្បីផ្តល់ការគ្របដណ្តប់អ៊ីនធឺណិតល្បឿនលឿនទូទាំងពិភពលោកតាមរយៈបណ្តាញផ្កាយរណបគន្លងផែនកម្រិតដីទាបដ៏ធំទូលាយ។ នៅចុងឆ្នាំ២០២៥ SpaceX បានបាញ់បង្ហោះផ្កាយរណបជាង ១០ ០០០ គ្រឿង ទោះបីជាមានខ្លះនៅមិនទាន់ដំណើរការក៏ដោយ។ ក្រុមហ៊ុននេះ កំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេស និងដែនដីចំនួន ១២៥ និងបម្រើដល់អតិថិជនប្រហែល ៥ លាននាក់នៅទូទាំងពិភពលោក៕

