អ្នកឧកញ៉ា គិត ម៉េង រំឭកអនុស្សាវរីយ៍ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់​សភាពាណិជ្ជកម្មកម្ពុជា កាល១០ឆ្នាំមុន

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មាធិការសម្របសម្រួល​ក្រុមការងារ​វិស័យ​ឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់​ធុរកិច្ច​អាស៊ានសម្រាប់កម្ពុជា កាលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦ បានរំឭកអនុស្សាវរីយ៍នៃដំណើរទស្សនកិច្ចរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់សភាពាណិជ្ជកម្មកម្ពុជា កាលពី១០ឆ្នាំមុន នៅដើមឆ្នាំ២០១៦។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើបណ្តាញសង្គម អ្នកឧកញ៉ាប្រធានសភាពាណិជ្ជកម្ម បានលើកឡើងថា នៅពេលក្រឡេកមើលពីអតីតកាល ដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទៅកាន់​សភាពាណិជ្ជកម្មកម្ពុជា កាលពីថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៦ នៅតែជាពេលវេលាដ៏មានអត្ថន័យនៃកិច្ច​សហប្រតិបត្តិការរួមគ្នារបស់យើង។ ទស្សនកិច្ចនេះ​មិនត្រឹមតែជាពិធីផ្លូវការមួយប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបមួយ​មានអានុភាពនៃទំនុកចិត្ត ការសន្ទនា និងភាពជា​ដៃគូរ​វាងរាជរដ្ឋាភិបាល និងសហគមន៍ធុរកិច្ចកម្ពុជាផងដែរ។

ទស្សនកិច្ចនាពេលនោះជាសារដ៏សំខាន់មួយបង្ហាញថា វឌ្ឍនភាពជាតិប្រកបដោយចីរភាពត្រូវបាន​បង្កើតទ្បើង​តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំរដ្ឋាភិបាល និងសហគ្រាសឯកជន។ កិច្ចសន្ទនា គោលដៅរួមគ្នា និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់យើងនៅតែបន្តមានរហូតមកដល់សព្វថ្ងៃនេះ  ហើយរំឭកយើងពីព្រឹត្តិការណ៍​ដ៏សំខាន់មួយដែលពង្រឹងទំនុកចិត្តរបស់យើង និងបង្ហាញពីកិច្ចសហការកាន់តែច្បាស់លាស់ ឆ្ពោះទៅរកវឌ្ឍនភាព​នៃសេដ្ឋកិច្ច។

អ្នកឧកញ៉ា គិត ម៉េង បានបន្ថែមថា នៅពេលយើងគិតទៅដល់ទស្សនកិច្ចនាថ្ងៃនោះ យើងដឹងថា ភាពជាដៃគូ​ដែល​ត្រូវបានបង្កើតទ្បើងដោយ​ភាព​ស្មោះត្រង់ និងប្រកបដោយចក្ខុវិស័យ បន្សល់ទុកនូវលទ្ធផលជាផ្លែផ្កាយូរអង្វែង។ ភាពជាដៃគូនេះមិនត្រឹមតែ​ផ្តល់ផលល្អ​ដល់ដំណើរការស្ថាប័នប៉ុណ្ណោះទេ ប៉ុន្តែក៏ដល់អនាគតប្រទេសជាតិផងដែរ៕